
ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សម្រេចបញ្ជូនជនសង្ស័យជនជាតិថៃចំនួន៥នាក់ ទៅសាលាដំបូងខេត្ត ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកគ្រឿងញៀនជាង៧៣គីឡូក្រាម...។

ក្រោយទទួលបានដំណឹងពីភ្នាក់ងារផ្ដល់ព័ត៌មានថា មានជនសង្ស័យជាជនជាតិថៃកំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរក្នុងតំបន់ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិថៃបានចំនួន៥នាក់ ស្ថិតក្នុងចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន ជួញដូរ រក្សាទុកគ្រឿងញៀនប្រមាណជាង៧៣គីឡូក្រាម រួមជាមួយនឹងការកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

ក្នុងនោះជនសង្ស័យទី១.មានឈ្មោះ វីរ៉ាឆៃ មីស៊ីន ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតបាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៧១កញ្ចាប់ គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌ស (ហេរ៉ូអ៊ីន) ចំនួន២កញ្ចប់ រីឯជនសង្ស័យទី២.ឈ្មោះ ចាក់កាក់ផាន់ ផូស៊ី ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០១កញ្ចប់ ទម្ងន់ជាង១៣០ក្រាម គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌បៃតង៤០គ្រាប់ ទម្ងន់ជាង៦ក្រាម ថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច ចំនួន០១ថង់កិប ស្មើនឹង៣៣២គ្រាប់ ទម្ងន់ជាង៧ក្រាម ប្រភេទថ្នាំគ្រាប់រាងត្រីកោណពណ៌ផ្កាឈូកចំនួន០៤ថង់កិប ស្មើនឹង២០គ្រាប់ ទម្ងន់១១ក្រាម និងប្រភេទផ្សេងៗមួយចំនួនទៀត។

ដោយឡែក ទី៣.ឈ្មោះ រ៉ាក់សាន់ ផុងសឿ ភេទប្រុស អាយុ៣៣ឆ្នាំ ដកហូតវត្ថុតាង មានកាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១ និងកាំភ្លើងខ្លីចំនួន០១ដើម (ម៉ាកSIG SAUER លេខ58C385402 ពណ៌ខ្មៅ) រួមជាមួយឈ្មោះ ប្រាគីត សាមីផាក់ ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ ព្រីឆា យឺនយ៉ុង ហៅឃីវ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកដឹកជញ្ជូន។ ក្រោយពីកម្លាំងជំនាញបានសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន ខណៈកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០៥នាក់ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី និងបានបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ៕ រាយការណ៍ដោយ៖ ឈុន មករា




