វៀតណាម​ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ
ម៉េងហុង
21 តុលា 2024 08:00 AM

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បានប្រាប់សភានៅថ្ងៃចន្ទទី២១ ខែតុលានេះថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងពី៦,៨ ទៅ៧ភាគរយនៅឆ្នាំនេះ។ បន្ថែមលើនេះ សេដ្ឋកិច្ចវៀតណាម ក៏ត្រូវបានគេរំពឹងថា នឹងមានតម្លៃ៥០០ពាន់លានដុល្លារនៅឆ្នាំក្រោយ ជាប់ចំណាត់ថ្នាក់លេខ៤ ធំជាងគេនៅអាស៊ីអាគ្នេយ៍...។

លោក ផាម មិញជីញ 
លោក ផាម មិញជីញ 

លោក ជីញ បាននិយាយនៅឯការចាប់ផ្តើមនៃសម័យប្រជុំសភារយៈពេលមួយខែនៅរដ្ឋធានីហាណូយថា សេដ្ឋកិច្ចបានកើនឡើងពី៣៤៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់៤៣៣ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានកំណត់ថានឹងកើនឡើង៧ភាគរយនៅឆ្នាំនេះ ស្របពេលដែលបំណុលសាធារណៈរបស់ប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រង និងទាបជាងកម្រិតកំណត់ដែលកំណត់ដោយរដ្ឋសភា។ លោក​បន្ត​ថា ចន្លោះ​ឆ្នាំ២០២១ និង២០២៥ កំណើន​ជា​មធ្យម​ប្រចាំ​ឆ្នាំ ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន៦ភាគរយ។ អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម គឺស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតក្នុងតំបន់ និងសកលលោក។ ចំណាត់ថ្នាក់​​របស់វៀតណាមក្នុងចំណោមបណ្តាប្រទេសជុំវិញពិភពលោក បានហក់ឡើង​ពី​លេខ៣៧ ដល់​លេខ៣៤ ហើយ​នឹង​ឡើង​ដល់​លេខ៣៣នៅ​ឆ្នាំ​ក្រោយ។ បន្ថែមពីនោះ នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា GDP សម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថា នឹងកើនឡើង៣១,៧ភាគរយពី៣៧២០ដុល្លារក្នុងឆ្នាំ២០២១ ដល់៤៩០០ដុល្លារក្នុងឆ្នាំ២០២៥។

សម្រាប់ឆ្នាំ២០២៥ លោក ជីញ បានប្រកាសថា វៀតណាមនឹងមានគោលដៅកំណើនពី៧ទៅ៧,៥ភាគរយ គាំទ្រដោយគោលដៅកំណើនឥណទាន១៥ភាគរយ និងការវិនិយោគសាធារណៈ រួមទាំងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ លោក​បន្ត​ថា វៀតណាម​ ក៏​នឹង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស និង​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន។ ប្រទេសកុម្មុយនីស្ដនៅលើដែនដីអាស៊ីអាគ្នេយ៍មួយនេះ ជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់ បានរាយការណ៍ពីកំណើនសេដ្ឋកិច្ចខ្លាំងបំផុតរបស់ខ្លួន ក្នុងរយៈពេលពីរឆ្នាំក្នុងត្រីមាសនៃខែកញ្ញា ជំរុញដោយការនាំចេញ ផលិតកម្មឧស្សាហកម្ម និងការកើនឡើងនៃការវិនិយោគពីបរទេស ទោះបីជាព្យុះទីហ្វុងយ៉ាកជី បានបង្កការខូចខាតយ៉ាងទូលំទូលាយ កាលពីខែមុនដែលអាចប៉ះពាល់ដល់កំណើននាពេលអនាគតក៏ដោយ។

លោក ជីញ បានសន្យាថា នឹងមិនមានការខ្វះខាតថាមពលនៅឆ្នាំក្រោយទេ។ នៅឆ្នាំ២០២៣ ការដាច់ចរន្តអគ្គិសនីបានប៉ះពាល់ដល់ផលិតកម្មឧស្សាហកម្ម។ លោក​ក៏​បាន​និយាយ​ថា វៀតណាម​នឹង​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៦ ដល់២០៣០ រដ្ឋាភិបាលវៀតណាមកំណត់គោលដៅកំណើន GDP ប្រចាំឆ្នាំ ៧,៥-៨,៥ ភាគរយជាមួយនឹង GDP សម្រាប់មនុស្សម្នាក់ឈានដល់៧៤០០-៧៦០០ដុល្លារនៅឆ្នាំ២០៣០។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានចំណូលមធ្យមកម្រិតខ្ពស់ជាមួយនឹងឧស្សាហកម្មទំនើប និងសេដ្ឋកិច្ចប្រហែល៧៨០-៨០០ពាន់លានដុល្លារ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត