
រាជធានីឡុងដ៍៖ មេដឹកនាំក្រុម G7 កាលពីថ្ងៃព្រហស្បតិ៍ទី ៣ ខែតុលា បានក្រើនរំលឹកឡើងវិញនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេចំពោះវិបត្តិដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ា ខណៈក្រុមប្រទេសអ្នកមានទាំង៧នេះបានអំពាវនាវដល់ភាគីសំខាន់ៗនៅក្នុងតំបន់ឱ្យធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងដោយការអត់ធ្មត់។ អណ្តាតភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែតែឆាបឆេះឡើង។

សេចក្តីថ្លែងការណ៍របស់ G7 ដែលផ្តល់ដោយការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសលោក គៀរ ស្តារមឺ (Keir Starmer) បានបង្ហាញថា ៖«យើងដែលជាមេដឹកនាំ G7 សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅមជ្ឈិមបូព៌ា[...] យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែល»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«វដ្តដ៏គ្រោះថ្នាក់នៃការវាយប្រហារ និងការសងសឹកហានិភ័យ ធ្វើឱ្យមានការកើនឡើងដែលមិនអាចគ្រប់គ្រងបាននៅមជ្ឈិមបូព៌ា[...]។ ដូច្នេះហើយ យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងតំបន់ទាំងអស់ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងដោយការអត់ធ្មត់»។ គួរបញ្ជាក់ថា ក្រុមប្រទេសអ្នកមាន G7 រួមមាន៖ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស កាណាដា អ៊ីតាលី បារាំង អាល្លឺម៉ង់ និងជប៉ុន៕




