ទូរសព្ទ iPhone 16 លក់ដាច់អស់ជាង ៣៧០០០គ្រឿងក្នុងថ្ងៃដាក់សម្ពោធនៅប្រទេសវៀតណាម
N
Nary Vann
01 តុលា 2024 09:00 AM

វៀតណាម៖ ការ​លក់ទូរសព្ទ iPhone 16 នៅ​ប្រទេស​វៀតណាម​បាន​កើន​ឡើង​ដល់១,១ពាន់​ពាន់​លាន​ដុង ឬត្រូវនឹងប្រមាណ៤៤,៨លាន​ដុល្លារ នៅ​ថ្ងៃ​បើក​សម្ពោធ​ទូរសព្ទម៉ូដែលចុងក្រោយនេះ។

ក្រុមហ៊ុននាំចូលទូរសព្ទបានឱ្យដឹងថា ដោយផ្អែកលើចំនួនឧបករណ៍ដែលបានធ្វើឱ្យសកម្ម ទូរសព្ទ iPhone 16 យ៉ាងហោចណាស់ ៣៧ ០០០គ្រឿង ត្រូវបានលក់នៅថ្ងៃដាក់សម្ពោធនោះ។ ក្រុមហ៊ុនលក់រាយអេឡិចត្រូនិក FPT Shop បានឱ្យដឹងថា ខ្លួនលក់បាន១ម៉ឺនគ្រឿង ក្នុងតម្លៃ៣០០ពាន់លានដុង ហើយគ្រោងនឹងចែកចាយ២ម៉ឺនគ្រឿងទៀតដល់អតិថិជននៅក្នុងខែកញ្ញា។ ដោយឡែក ក្រុមហ៊ុន TopZone ដែលជាអ្នកចែកចាយផលិតផល Apple ផ្លូវការ បានប៉ាន់ប្រមាណថា ខ្លួនលក់បានជាង១ម៉ឺនគ្រឿងនៅថ្ងៃដំបូង ហើយ៣ពាន់គ្រឿង ត្រូវបានបើកដំណើរការ។

ក្រុមហ៊ុននាំចូលសំខាន់ៗមួយចំនួនទៀត ក៏បានរាយការណ៍ពីការលក់ពី ២ពាន់ ទៅ៧ពាន់គ្រឿងផងដែរ។ អ្នកចែកចាយម្នាក់បានលើកឡើងថា ការនាំចេញដំបូងនៃត្រកូលថ្មីទៅកាន់ប្រទេសវៀតណាមមានប្រហែល៥៥០០០ ទៅ៦៦០០០គ្រឿង ប្រហែលដូចគ្នាទៅនឹងឆ្នាំមុន។ ម៉ូដែល១៦Pro និង១៦Pro Max បាននាំមុខការជាវសរុប ដោយសារការផ្លាស់ប្ដូរទំហំអេក្រង់ និងការអាប់ដេតជាច្រើនក្នុងឆ្នាំនេះ បានទាក់ទាញអ្នកប្រើប្រាស់។

ទ​ន្ទឹមគ្នានោះ ក្រុមហ៊ុនចែកចាយ CellphoneS បាននិយាយថា ការបញ្ជាទិញជាមុនសម្រាប់ 16 Pro Max គឺធ្លាក់ចុះខណៈមានកំណើនសម្រាប់ 16 Pro។ ព័ណ៌មាស គឺជាពណ៌ដ៏ពេញនិយមបំផុតនៅក្នុងត្រកូលឆ្នាំនេះ ដោយមនុស្សជាច្រើនបានចំណាយប្រាក់ពី ៣ ទៅ ៤លានដុងបន្ថែមលើតម្លៃដើម ដើម្បីទិញទូរសព្ទដែលមានព័ណ៌នេះ។ iPhone 16 ស្ដង់ដារមានតម្លៃ ២៣លានដុងសម្រាប់ទំហំផ្ទុក ១២៨GB ខណៈពេលដែល 16 Pro Max មានតម្លៃពី ៣៥ ទៅ៤៧លានដុងដោយផ្អែកលើទំហំផ្ទុករបស់វា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត