
រដ្ឋធានីរ៉ូម៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាអំណាចឧស្សាហកម្មទាំងប្រាំពីរ ឬ G7 បានថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងបំផុតកាលពីថ្ងៃសៅរ៍ទី១៤ខែកញ្ញាជុំវិញការនាំចេញមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី ទន្ទឹមនឹងភ្លើងង្គ្រាមដ៏រ៉ាំរ៉ៃរវាងរដ្ឋធានីមូស្គូ និងរដ្ឋធានីកៀវនៅតែបន្តឆាបឆេះ។

រដ្ឋមន្ត្រី G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«អ៊ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់រាល់ការគាំទ្រចំពោះសង្គ្រាមខុសច្បាប់ និងអយុត្តិធម៌របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយបញ្ឈប់ការផ្ទេរមីស៊ីលផ្លោង យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលបង្កើតជាការគំរាមកំហែងដោយផ្ទាល់ដល់ប្រជាជនអ៊ុយក្រែន ក៏ដូចជាសន្តិសុខអឺរ៉ុប និងអន្តរជាតិកាន់តែទូលំទូលាយ»។ រដ្ឋមន្រ្តីនៃប្រទេសមហាអំណាចឧស្សាហកម្មទាំងប្រាំពីរបានសង្កត់ធ្ងន់ថា ៖«យើងនៅតែមានភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សាអ៊ីរ៉ង់ឱ្យទទួលខុសត្រូវចំពោះការគាំទ្រដែលមិនអាចទទួលយកបានរបស់ខ្លួនសម្រាប់សង្គ្រាមខុសច្បាប់របស់រុស្ស៊ីនៅអ៊ុយក្រែនដែលបំផ្លាញសន្តិសុខពិភពលោកបន្ថែមទៀត។ ស្របតាមសេចក្តីថ្លែងការណ៍ពីមុនរបស់យើងអំពីបញ្ហានេះ យើងកំពុងឆ្លើយតបជាមួយនឹងវិធានការថ្មីៗ និងចាំបាច់រួចហើយ»។

បច្ចុប្បន្ន ប្រទេសអ៊ីតាលីកាន់តំណែងជាប្រធាននៃក្រុមប្រទេសអ្នកមាន G7 ដោយក្រុមប្រទេសនេះមានសមាជិកដូចជា៖ សហរដ្ឋអាម៉េរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងកាណាដា។ គួរបញ្ជាក់ថា អ៊ីរ៉ង់បានផ្តល់ឱ្យរុស្ស៊ីនូវកាំជ្រួចមីស៊ីលផ្លោងដ៏មានអានុភាពជាច្រើន ក្រោយប្រទេសទាំងពីរធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅ។ យ៉ាងណា ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរនៅតែស្ថិតក្រោមទណ្ឌកម្មរបស់ប្រទេសឥន្ទ្រីសហរដ្ឋអាម៉េរិក៕



