រយៈពេល៨ខែឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង២៧លានដុល្លារពីប្រតិបត្តិការផែ អាជ្ញាធរផែ និងសេវាម្ម
K
Kimhuoy K.
10 កញ្ញា 2024 11:30 AM

រាជធានីភ្នំពេញ៖  ត្រឹមរយៈពេល៨ខែឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង២៧លានដុល្លារអាម៉េរិកកើនឡើង ១៥ភាគរយ​ធៀប​រយៈ​ពេលដូចគ្នាទៅនឹងឆ្នាំមុន ដែលតួលេខនេះនៅ​មិន​ទាន់​ធ្វើ​សវនកម្មនៅឡើយទេ។  

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញនាថ្ងៃទី៩កញ្ញាបានបង្ហាញឱ្យដឹងថា សម្រាប់ការ​ប្រមូល​ចំណូល​ប្រចាំខែសីហានេះ កំពង់ផែស្វយ័តភ្នំពេញអនុវត្តន៍​ការ​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជាង ៤,៤១លានដុល្លារអាម៉េរិក កើនឡើង២៥ភាគរយ បើធៀបរយៈ​ពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​មុន។ ​ក្នុងនោះ ការប្រមូលចំណូលពីប្រតិបត្តិការផែបានចំនួន ៣,៨១លានដុល្លារអាម៉េរិក ចំណូល​ពីអាជ្ញាធរផែ ជាង ៥សែនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។ 

ដោយឡែក ការប្រមូលចំណូលសម្រាប់រយៈ៨ខែ ឆ្នាំ២០២៤វិញ កំពង់ផែស្វយ័តភ្នំពេញរកបានសរុបជាង ២៧លានដុល្លារ​អាម៉េរិក​ កើនឡើង១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។ ក្នុងនោះការ​ប្រមូល​ចំណូល​ពី​ប្រតិបត្តិការផែ បានចំនួនជាង ២២លានដុល្លារអាម៉េរិក ចំណូលពីអាជ្ញាធរផែជាង ៣ លាន​ដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជិត១ម៉ឺនដុល្លារ។

សូមបញ្ជាក់ផងដែរថា ក្នុងខែកញ្ញានេះវិញតាមការគ្រោងទុកនាវាខ្នាតអន្តរជាតិ Rv. Mekong Discovery ថ្មីរបស់ក្រុមហ៊ុន Lotus Cruises Co., Ltd. នឹងមកដល់ចំណតផែពហុបំណងTS៣ នៅថ្ងៃទី១៤ វេលាម៉ោង ១៧:៣០ នាទីល្ងាចខាងមុខ។ កន្លងមកក្រុមហ៊ុន Lotus Cruises Co., Ltd. បានប្រើប្រាស់សេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.) នូវនាវារបស់ក្រុមហ៊ុនចំនួន ៣ គ្រឿងមកហើយសម្រាប់ដឹកភ្ញៀវទេសចរណ៍អន្តរជាតិ មកកម្សាន្តនៅប្រទេសកម្ពុជាយើង ដែលនេះជាផ្នែកមួយក្នុងការចូលរួមចំណែកដល់កំណើនភ្ញៀវទេសចរណ៍របស់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត