
រដ្ឋធានីវៀងច័ន្ទន៍៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បាននាំយកនូវកុំព្យូទ័រចំនួន៣០០គ្រឿងដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងផ្តល់អាហារូបករណ៍ជំនាញបច្ចេកវិទ្យាឌីជីថលសរុប១៥កន្លែង។

ទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងច័ន្ទន៍នេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម បូវៀងខាំ វង្សតារា Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ឡាវ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ស្របជាមួយគ្នានោះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃ ក.ប.ទ. បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ ហើយឆ្លៀតក្នុងឱកាសនោះផងដែរ ក.ប.ទ. បានសម្រេចផ្តល់អាហារូបករណ៍សិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន៥កន្លែង និងថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រវាងក្រសួងទាំងពីរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឱ្យដឹងថា ក្រសួងបាននិងកំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជូនដល់ភាគីឡាវ (verify.gov.la) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងបច្ចេកវិទ្យា និងគមនាគមន៍។ កាលពីដើមឆ្នាំនេះ «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤។

គួរបញ្ជាក់ផងដែរថា ថ្នាលនេះត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្ដង់ដារ ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្ដង់ដារនេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕







