កម្ពុជាត្រូវបង្កើនអក្ខរកម្ម និងជំនាញឌីជីថលថែម ដើម្បីអនុវត្តគោលនយោបាយបរិវត្តកម្មឌីជីថល និងឱកាសប្រកួតប្រជែងក្នុងទីផ្សារតំបន់
K
Kimhuoy K.
03 កក្កដា 2024 08:00 AM

រាជធានីភ្នំពេញ៖ ស្របពេលដែលកម្រិតអក្ខរកម្មឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា​នៅមានកម្រិត អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមិនទាន់មានការវាស់វែង បានច្បាស់លាស់នៅឡើយទេ។ យ៉ាងណាមិញ វាជារឿងសំខាន់ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវមានចំណេះដឹង​ និងសមត្ថភាពជាមូលដ្ឋានសំខាន់ៗមួយចំនួន ដើម្បីអាចក្លាយជា «ពលរដ្ឋឌីជីថល» និងទាញយកប្រយោជន៍ជាអតិបរិមារពីបច្ចេកវិទ្យាឌីជីថល។

ពលរដ្ឋឌីជីថល មិនត្រឹមតែជាពលរដ្ឋដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពប្រចាំថ្ងៃនោះទេ តែថែមទាំងជាពលរដ្ឋដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយប្រសិទ្ធភាព សុវត្ថិភាព និងការទទួលខុសត្រូវ។ ចំណេះដឹង និងសមត្ថភាពទាំងនេះ ជួយឱ្យពលរដ្ឋគ្រប់រូបចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលបានយ៉ាងសកម្មប្រកបដោយភាពជឿជាក់ ព្រមទាំងអាចទប់ស្កាត់ និងឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលអាចកើតមានលើប្រព័ន្ធអ៊ីនធឺណិត។ បញ្ហាដែលបន្ដកើតមានឡើងជារឿយៗមានដូចជា កំណើននៃព័ត៌មានមិនពិតដែលប្រជាពលរដ្ឋអាចទទួលបានយ៉ាងងាយជាទីបំផុតតាមរយៈការចែករំលែកតគ្នាយ៉ាងលឿនរហ័សនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ព័ត៌មានមិនពិតដោយចេតនា ជាព័ត៌មានបង្កើតឡើងក្នុងចេតនាបំភាន់ បង្កឱ្យមានការយល់ច្រឡំ ឬបង្កគ្រោះថ្នាក់តាមបែបណាមួយ។

ការទទួលយក និងជឿលើព័ត៌មានទាំងនេះអាចនាំឱ្យមានការសម្រេចចិត្តខុស ធ្វើសកម្មភាពខុសឆ្គង និងទទួលរងនូវគ្រោះថ្នាក់នានា។ ព័ត៌មានមិនពិតកំពុងគំរាមកំហែងសន្តិភាពនិងស្ថិរភាពប្រទេសជាច្រើន ក្នុងពិភពលោកយ៉ាងគំហុកចាប់ពីឆ្នាំ២០១៦មក។ ដោយមើលឃើញពីភាពចាំបាច់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសហការជាមួយអង្គការយូណេស្កូប្រចាំកម្ពុជា ក្នុងការរៀបចំ «ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» ដើម្បីកំណត់ស្តង់ដារសមត្ថភាពចាំបាច់ដែលពលរដ្ឋកម្ពុជាគ្រប់រូបគួរមានស្របតាមស្ថានភាពវិវត្តនៅកម្រិតប្រទេស តំបន់ និងពិភពលោក។ ក្របខណ្ឌសមត្ថភាពអក្ខរកម្មនេះ នឹងក្លាយជាឯកសារយោង មួយសំខាន់ ក្នុងការរៀបចំមុខវិជ្ជាសិក្សាផ្នែកឌីជីថល ការវាយតម្លៃកម្រិតសមត្ថភាព និងការរៀបចំ ផែនការយុទ្ធសាស្ត្រលើកកម្ពស់កម្រិតអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅគ្រប់កម្រិត។

ក្នុងការសម្រេចគោលបំណងទាំងនេះ ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលផ្តោតលើសមាសធាតុចំនួន៥ ចែកចេញជាមូលដ្ឋានគ្រឹះចំនួន២ គឺ៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល និង២.ការកសាងទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល និងសសរស្តម្ភចំនួន៣ទៀតគឺ ការកសាងពលរដ្ឋឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រទី៧នៃគោលនយោបាយរដ្ឋាភិបាលឌីជីថលផ្តោតលើការអភិវឌ្ឍមូលធនមនុស្សឌីជីថលដែលក្នុងនោះ ការលើកកម្ពស់អក្ខរកម្មឌីជីថលដល់គ្រប់តួអង្គសង្គមជាអាទិភាពចាំបាច់ក្នុងការកាត់បន្ថយគម្លាតឌីជីថល និងជំរុញការប្រើប្រាស់សេវារដ្ឋាភិបាលឌីជីថល។

គួររំលឹកដែរថា គិតត្រឹមឆ្នាំ២០២០ នៅពេលដែលកម្ពុជាចាប់ផ្តើមរៀបចំក្របខណ្ឌគោលនយោបាយធ្វើបរិវត្តកម្ម ឌីជីថល សេដ្ឋកិច្ច និងសង្គម ប្រជាជនកម្ពុជា៣២ភាគរយអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកម្រិតមូលដ្ឋាន ៥ភាគរយមានជំនាញកម្រិតមធ្យម និង១ភាគរយមានជំនាញកម្រិតខ្ពស់។ ក្នុងរយៈពេលក្រោយមក វិធានការជាច្រើនត្រូវបានដាក់ចេញក្នុងការបង្កើនអក្ខរកម្មនិងជំនាញឌីជីថលក្នុងគ្រប់មជ្ឈដ្ឋានប្រកបដោយបរិយាបន្ន តែទោះជាយ៉ាងណា កម្ពុជានៅមានតម្រូវការបង្កើនអក្ខរកម្មនិងជំនាញឌីជីថលថែមទៀត ដើម្បីអនុវត្តគោលនយោបាយបរិវត្តកម្មឌីជីថលរបស់ខ្លួននិងបង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត