
រាជធានីភ្នំពេញ៖ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) គឺជាការអនុវត្តវិធានការគន្លឹះស្របតាមការចង្អុលបង្ហាញនៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលក្នុងនោះពលរដ្ឋកម្ពុជាគ្រប់រូបត្រូវក្លាយខ្លួនជា «ពលរដ្ឋឌីជីថល» ជាសសរស្តម្ភសំខាន់ទ្រទ្រង់ដំណើរការបរិវត្តកម្មឌីជីថលគ្រប់ផ្នែក និងដើម្បីចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា។

ក្របខណ្ឌនេះត្រូវបានប្រកាសឱ្យប្រើប្រាស់នាថ្ងៃទី២៧មិថុនាឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងលោកស្រី Camilla Ottosson អគ្គទីប្រឹក្សានិងប្រធានស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ។ ការរៀបចំក្របខណ្ឌនេះធ្វើឡើងក្នុងគោលបំណងធំៗ៣ រួមមាន៖ ១.) ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ស្តីពីសមត្ថភាពពលរដ្ឋឌីជីថលកម្ពុជា ២.) ជំរុញការលើកកម្ពស់ អ.ឌ.ប.ព. ប្រកបប្រសិទ្ធភាព និងសង្កតិភាពចំពោះគ្នាទៅវិញទៅមក ៣.) ផ្តល់មូលដ្ឋានសម្រាប់រៀបចំកម្មវិធីសិក្សាសមស្របតាមតម្រូវការនិងស្ថានភាពជាក់ស្តែង និងសម្រាប់ការវាយតម្លៃកម្រិតសមត្ថភាព អ.ឌ.ប.ព នៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់ក្របខណ្ឌសមត្ថភាពនេះសម្រាប់ការអនុវត្តសកម្មភាព ឬកម្មវិធីទាំងឡាយក្នុងគោលដៅលើកកម្ពស់អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា ដើម្បីធានាសង្គតិភាពចំពោះគ្នាទៅវិញទៅមក និងអាចវាស់វែងបាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការមានសង្ឈឹមយ៉ាងមុតមាំថា ការខិតខំប្រឹងប្រែង និងកិច្ចសហការរួមគ្នាចំពោះកិច្ចការនេះនឹងជួយជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពជោគជ័យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសំដៅកសាងកម្ពុជាជាសង្គមសេដ្ឋកិច្ចឌីជីថលដ៏រស់រវើកមួយក្នុងឆ្នាំ២០៣៥។ ក្របខណ្ឌ អ.ឌ.ប.ព បានកំណត់ថាពលរដ្ឋឌីជីថលនៅកម្ពុជាគួរមានសមត្ថភាពអ.ឌ.ប.ព ៨ផ្នែក និងមានចំណេះដឹងឥរិយាបថមួយចំនួនស្របតាមផ្នែកទាំង៨នេះទើបគេអាចប្រើប្រាស់បច្ចេកវិទ្យាបានច្បាស់លាស់ ប្រកបដោយការត្រិះរិះពិចារណា មានការទទួលខុសត្រូវ មានប្រសិទ្ធភាព និងសុវត្ថិភាព។ ម្យ៉ាងវិញទៀត ដំណើរការរៀបចំក្របខណ្ឌ អ.ឌ.ប.ព នេះ ក៏បានគិតគូរពីបញ្ហាបរិយាបន្ន និងសិទ្ធិមនុស្ស បានធានាថាប្រជាពលរដ្ឋគ្រប់រូបមាននូវជំនាញនិងចំណេះដឹងប្រកបដោយប្រសិទ្ធភាព និងការត្រិះរិះពិចារណានៅពេលគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយ៕





