
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខជនសង្ស័យ ដែលជាឃាតកវាយសម្លាប់កូនចុងអាយុ៤ខែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក និងក្រុមក្មេងជំនើងបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសសរុប១៣នាក់ ព្រមទាំងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ កាលពីរសៀលថ្ងៃទី១៧មិថុនា ឆ្នាំ២០២៤។
លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញសមត្ថកិច្ច ការិយាល័យ ជំនាញ និងនគរបាលនៃអធិការដ្ឋានខណ្ឌទាំង១៤បានយកចិត្តទុកដាក់បង្ក្រាបបានក្រុមក្មងទំនើង និងជនសង្ស័យប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់ ហើយ ត្រូវបានបង្ហាញមុខជាសាធារណៈនាពេលនេះ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា ជនសង្ស័យដែលបង្ហាញមុខនៅពេលនេះបានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ។

ករណីទី១ ឃាតកម្មមានស្ថានទម្ងន់ទោស ដែលវាយសម្លាប់ទៅលើកូនចុងអាយុ៤ខែ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក។ ជននោះជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគា និងមានទំនាក់ទងជាមួយម្តាយក្មេករងគ្រោះ។ បន្ទាប់ពីវាយសម្លាប់កូនចុងរួចមកជនសង្ស័យរូបនោះក៏បានរត់គេចខ្លួន ទៅស្រុកំណើតខេត្តព្រៃវែង សមត្ថកិច្ចបានតាមស្វែងចាប់ខ្លួនរួចក៏បានគេចត្រឡប់មកភ្នំពេញវិញ ថែមទាំងលួចម៉ូតូអ្នកភូមិ១គ្រឿងមកជាមួយទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបាន។
រីឯករណីទី២ ជនសង្ស័យជាក្មេងទំនើង (ក្រុមក្តាន់២) ដែលបានប្រើហិង្សាដោយចេតនា កាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងបួសម្នាក់កាប់ត្រូវខ្នងចំនួន២កាំបិតហើយ ត្រូវបានកម្លាំងនគរបាលការិយាលព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន៦នាក់ក្នុងចំណោមបក្ខពួកចំនួន១៤នាក់ ហើយសមត្ថកិច្ចនឹងបន្តស្រាវជ្រាវចាប់បក្ខពួកបន្តទៀត។ ដោយឡែកករណីទី៣ ជាក្រុមក្មេងទំនើងមានគ្នាចំនួន៦នាក់ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌពោធិសែនជ័យបង្ក្រាបបាន ហើយដក ចំនួន៦នាក់ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌពោធិសែនជ័យបង្ក្រាបបាន ហើយដកហូតបានកាំបិតវែង រណារ អារទឹកកក និងសោម៉ាឡេតផងដែរ។

ទន្ទឹមនឹងនេះ លោក សំ វិច្ឆិកា បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី១៥មិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលនៅតាមបណ្តាខណ្ឌក៏បានបង្ក្រាបបានក្រុមក្មេងទំនើង ដោយឃាត់ខ្លួនបានចំនួន១៣៦នាក់ ចំនួន៣២ករណី បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បន្តបង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើងធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពនិងមានការថយចុះ៕






