
(បន្ទាយមានជ័យ)៖ រយៈពេល២ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកក្កដា អាជ្ញាធរសមត្ថកិច្ចក្រុងប៉ោយប៉ែត បានស្រាវជ្រាវរកឃើញជនសង្ស័យប្រុស-ស្រីចំនួន២៦នាក់ ដែលជាមុខសញ្ញាឆក់ទូរសព្ទដៃយ៉ាងសកម្ម នៅក្នុងក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំងអស់នោះ ត្រូវបានអាជ្ញាធរបញ្ជូនសំណុំរឿងបន្តតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី៦ ខែកក្កដាម្សិលមិញ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលព័ត៌មានពីជនរងគ្រោះ ថាមានករណីចោរឆក់ទូរសព្ទរបស់ខ្លួន ម៉ាកអាយហ្វូន១២ប្រូមែក ពណ៌ខៀវ នៅចំណុចខាងលិចហាងប្ដូរប្រាក់ ហេង ម៉េត នៅផ្លូវជាតិ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត។ ភ្លាមៗនោះ កម្លាំងជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកកាមេរ៉ាសុវត្ថិភាព។ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨ៈ៣០នាទីព្រឹក កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ នៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ៣ជាន់ក្រោម ស្ថិតក្នុងភូមិបាលិលេយ្យ២ នៃសង្កាត់ប៉ោយប៉ែត រួមទាំងបានដកហូតម៉ូតូ១គ្រឿងម៉ាក MOOVE ពណ៌ក្រហម ។

ក្រោយពីឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យទាំង០៥នាក់នោះ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់បន្ថែមទៀត និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ គ្មានស្លាកលេខ។ លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់នោះ នៅថ្ងៃដដែល(ថ្ងៃទី៤ ខែកក្កដា) កម្លាំងជំនាញក៏បានបន្តស្រាវជ្រាវករណីឆក់ទូរសព្ទ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់បន្ថែមទៀត ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ដែលកម្លាំងជំនាញតាមប្រមាញ់យូរមកហើយ។ ជនសង្ស័យទាំង០៥នាក់នោះ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ១៤ ជាន់ទី១ ស្ថិតក្នុងភូមិបាលិលេយ្យ២ ព្រមទាំងបានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្តស្រាវជ្រាវឃាត់ខ្លួន មុខសញ្ញាចោឆក់ប្រុស-ស្រី បានមួយក្រុមបន្ថែមទៀត ចំនួន១២នាក់ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ បន្ទាប់មកកម្លាំងជំនាញ បានធ្វើតេស្តទឹកនោមស្វែងរកសាធាតុញៀន។ ជាលទ្ធផល គឺ(វិជ្ជមាន) ដោយមានផ្ទុកសារធាតុញៀនក្នុងខ្លួនទាំងអស់គ្នា។ ចំពោះទូរសព្ទជនរងគ្រោះ១គ្រឿង ត្រូវបាននគរបាលប្រគល់ជូនម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យប្រុស-ស្រី ទាំង២៦នាក់នោះ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



