រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្យាករឃើញថា សម្ពាធទាបដែលកើតនៅសមុទ្ទចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន បក់បោកមកលើសមុទ្ទកម្ពុជា សមុទ្ទអាន់ដាម៉ាន់ និងអាងទន្លេមេគង្គ ស្ថានភាពបែបនេះ ធ្វើឱ្យតំបន់ទាំងបីរបស់កម្ពុជា ទទួលរងនូវខ្យល់កន្ត្រាក់ ក្នុងល្បឿនពី៥ទៅ៦ម៉ែត្រក្នុងមួយវិនាទី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥..។

មន្រ្តីធនធានទឹក អះអាងថា តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់កន្ត្រាក់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ តែយ៉ាងណា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ គ្មានភ្លៀងធ្លាក់ទ្បើយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។ ដោយទ្បែក តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់កន្ត្រាក់ មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម៦ម៉ែត្រក្នុងមួយវិនាទី ក្នុងនោះ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងស្វាយរៀង ក៏មិនមានភ្លៀងធ្លាក់ដែរ។

ចំពោះ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៩អង្សាសេ។ ខ្យល់កន្ត្រាក់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំ ដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ដូចគ្នា៕
