សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមចង់ឱ្យរោងចក្រតូយូតានៅកម្ពុជាបម្រើទីផ្សារក្នុងស្រុកទេ តែចង់ឱ្យផលិតនាំចេញទៅក្រៅប្រទេសទៀត
K
Kimhuoy K.
03 ឧសភា 2024 02:00 PM

រាជធានីភ្នំពេញ៖ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ លោក ICHIRO KASHITANI និងប្រធានក្រុមហ៊ុនតូយ៉ូតាស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឧកញ៉ា គង់ នួន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

ជំនួបពិភាក្សាការងារនេះធ្វើឡើងក្រោយរោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីម្សិលមិញ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនតូយ៉ូតាថា សម្ដេចចង់ឱ្យរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់ឱ្យផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង។ សម្ដេចតេជោក៏បានស្នើសុំឱ្យក្រុមហ៊ុនជួយបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនចំនួន១,៥លាននាក់ដោយមិនបង់ថវិកា និងផ្ដល់ថវិកាឱ្យបន្ថែមទៀតផងដែរ។ សម្ដេចតេជោបានលើកឡើងថា ដំបូងកម្ពុជាពុំមានរថយន្តទេ ប៉ុន្តែបច្ចុប្បន្ននេះគឺជារថយន្តជាង១លានគ្រឿងនិ ងម៉ូតូជាង៥លានគ្រឿង ហើយក៏បង្កការកកស្ទះចរាចរណ៍ទោះជារាជរដ្ឋាភិបាលខិតខំកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក៏ដោយ។ យ៉ាងណាមិញ សម្ដេចតែងរំលឹក មិនថាក្រុមហ៊ុន ជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សម្ដេចស្នើសូមឱ្យប្រើរូបមន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញឱ្យគ្នា ដោយហេតុថាក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែលមាននៅថៃផង និងកម្ពុជាផងតាមរូបមន្ត១បូក។ 

ជាមួយគ្នានេះ គណៈប្រតិភូក៏បានបង្ហាញនូវតួនាទី និងការទទួលខុសត្រូវខុសគ្នាៗរៀងខ្លួន ដោយសារនៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿងបង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នក៏រោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park) ហើយក៏បានទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម។ លោកក៏បានរៀបរាប់ពីរោងចក្រនៅភ្នំពេញនេះដែលនឹងផលិតរថយន្តមានដូចជា Toyota Hilux និង Toyota Fortuner ដោយមានកម្មករប្រមាណ១៥០នាក់។ គួររំឭកផងដែរថា ក្រុមហ៊ុន Toyota បានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ដោយមានជាដំណាក់កាល៖  ឆ្នាំ១៩៩៣ បានបង្កើតឈ្មោះ T.TH.K ទទួលសិទ្ធជាកន្លែងផ្តល់សេវាកម្មតូយ៉ូតា បង្កើត ការិយាល័យ តូយ៉ូតា ស៊ុយស៊ូ នៅក្រុងភ្នំពេញ។ ឆ្នាំ២០០៩ បង្កើត តូយ៉ូតា (ខេមបូឌា) ឯ.ក ទទួលសិទ្ធជាអ្នកចែកចាយរថយន្តតូយ៉ូតា។ ឆ្នាំ ២០១៤ បង្កើត តូយ៉ូតា ស៊ុយស៊ូ ហ្វានែន (ខេមបូឌា) ឯ.ក។ ឆ្នាំ ២០១៦ បង្កើតសួនឧស្សាហ៍កម្មប៉ោយប៉ែត ជាផ្នែកមួយនៃវិស័យឧស្សាហ៍កម្ម និងឆ្នាំ២០២២បង្កើត រោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត