មកស្គាល់ក្រុមហ៊ុនយានយន្តចំនួន៦ដែលកំពុងដំណើរការរោងចក្រ​ដំឡើង​​រថយន្តនៅកម្ពុជា
អុន សម្ផស្ស
03 ឧសភា 2024 02:00 AM

រាជធានីភ្នំពេញ៖ ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ បាននឹងកំពុងស្រូបទាញក្រុមហ៊ុន​​ធំៗមក​បោះ​ទុន​វិនិយោគ​ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តជា​បន្ត​បន្ទាប់​។ ថ្ងៃនេះ SBM News សូមបង្ហាញជូនទីតាំងរោងចក្រធំៗចំនួន៦ របស់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗលើពិភពលោកដែលមានវត្តមាន និងកំពុងដំណើរការនៅកម្ពុជា។

ក្រុមហ៊ុនទាំង៦នោះរួមមាន៖ ទី១. ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai បើករោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តកោះកុង ក្នុងឆ្នាំ២០១១។ រោងចក្ររបស់ក្រុមហ៊ុនកូរ៉េមួយនេះ ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន KH Motors និង​ក្រុមហ៊ុន​លីយ៉ុងផាត់ (ខេមបូឌា) អាច​ផ្គុំ​ដំឡើង​រថយន្ត​បាន​ចំនួន ៣០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ជា​ប្រភេទ SUV ​រថយន្ត​តួខ្ពស់ៗ រថយន្ត​ច្រើន​បាំង(ឡានទួរីស៍) និង​ប្រភេទ​កូន​ឡានតូចៗ។ ទី២. ក្រុមហ៊ុន Daehan Auto ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក Ssangyong, Daehan​ និង Sino។ ក្រុមហ៊ុននេះបាន​ចាប់ផ្ដើម​បើក​រោងចក្រ​ ដំឡើង​​រថយន្ត​របស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៨ ស្ថិតនៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង។ ទី៣. ក្រុមហ៊ុន RMA Cambodia បានបើករោងចក្រ​ដំឡើង​រថយន្ត ​​Ford នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់នៅឆ្នាំ២០២២។ គម្រោងនេះចាយទុនវិនិយោគប្រមាណ ២១លានដុល្លារអាម៉េរិក។ រោងចក្រដំឡើងរថយន្តពីរម៉ូឌែលមុនគេគឺរថយន្ត Ford Ranger និងរថយន្ត Ford Everest

ទី៤.ក្រុមហ៊ុន K (CAMBODIA) CO., LTD.បង្កើតរោងចក្រ រថយន្ត ISUZU ស្ថិតនៅភូមិ សង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រផ្គុំដំឡើងរថយន្ត នេះមានទុនវិនិយោគ ៧,៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន ១៦៦កន្លែង បើកដំណើរការនៅដើមខែមេសា ឆ្នាំ២០២៣។ ទី៥​. ក្រុមហ៊ុន International VCV Industry CO,.ltd ទទួលវិញ្ញាបនបត្រ័ចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តកាលពីថ្ងៃទី២៨ មិនាឆ្នាំ២០១៨។ គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត បោះទុនក្នុងទំហំទឹកប្រាក់ប្រមាណ ,០៧លានដុល្លារអាម៉េរិក ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ ភ្នំពេញ។ ទី៦. រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់នួន គ្រុប ចំនួន១០ភាគរយ និងមានទុនជិត៣៧លានដុល្លារ។ ក្រុមហ៊ុននេះបានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

គួរជម្រាបថា ក្នុងអំឡុងពេលដ៏ខ្លី កម្ពុជាទទួលបានក្រុមហ៊ុនម៉ាករថយន្តល្បីៗធំៗមួយចំនួន ចាប់ផ្តើមសម្រេចចិត្តបើករោងចក្រផ្គុំដំឡើងរថយន្តនៅក្នុងប្រទេសជាបន្តបន្ទាប់ ខណៈដែលសក្តានុពលទីផ្សារតម្រូវការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កំពុងមាននិន្មានការកើនឡើង ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត