ភ្នំពេញក្រោនផ្ញើវាសនាលើបឹងកេត​ទាត់​ឱ្យឈ្នះស្វាយរៀង​ នោះនឹងមានភាគរយខ្ពស់ប្រជែងពានលីគកំពូល​ តែក៏ត្រូវប្រឹងខ្លួនឯងដែរកុំរំពឹងគេពេក
ជួន ចាន់ម៉ារ៉ាឌី
19 មេសា 2024 10:15 AM

បាល់ទាត់៖ ភ្នំពេញក្រោនអាចនឹងគ្រងជើងឯកពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២៣-២០២៤ ឬអត់នោះ គឺត្រូវរំពឹងលើក្លឹបបឹងកេតហើយ ដោយហេតុថាបើបឹងកេត អាចយកឈ្នះព្រះខ័នរាជស្វាយរៀងនៅជំនួបសប្ដាហ៍ទី២៧ នោះភ្នំពេញក្រោននឹងមានភាគរយកាន់តែខ្ពស់ សង្ឃឹមកាន់តែច្រើ​ន មានទឹកមាត់លេបជាងមុន ដើម្បីបន្តប្រជែងយកពាន ខណៈដែលបច្ចុប្បន្ន ភ្នំពេញក្រោននៅមានឱកាសតិចតួចបំផុត ដោយសារមានពិន្ទុក្រោមព្រះខ័នរាជស្វាយរៀង។​ យ៉ាងណា វាមិនងាយស្រួលពេកនោះទេ ព្រោះបឹងកេតឈរជើងត្រឹមលេខរៀងទី៤ ត្រូវយកឈ្នះស្វាយរៀងកំពូលតារាងដែលជាក្រុមខ្លាំងបែបនេះ ហេតុនេះហើយ ភ្នំពេញក្រោនក៏ត្រូវប្រឹងប្រែងដោយខ្លួនឯងដែរនៅក្នុងប្រកួតដែលនៅសេសសល់។

ពានរង្វាន់លីគកំពូលកម្ពុជា សម្រាប់សប្ដាហ៍ទី២៧នេះ បើទោះបីជាបឹងកេតអាចយកឈ្នះលើព្រះខ័នរាជស្វាយរៀងក៏ដោយ ក៏ភ្នំពេញក្រោននៅតែមិនទាន់មានភាពកក់ក្ដៅប៉ុន្មានដែរក្នុងការប្រជែងពានរង្វាន់លីគកំពូលកម្ពុជា ហើយភ្នំពេញក្រោនក៏រិតតែមិនអាចមើលស្រាលដៃគូរបស់ខ្លួនបាន បើទោះបីជាត្រូវប៉ះគ្នាជាមួយក្រុមបាតតារាងឈរនៅលេខរៀងទី៩ គិរីវង្សសុខសែនជ័យយ៉ាងណាក្ដី។ ប៉ុន្តែអ្នកគាំទ្រភ្នំពេញក្រោន កំពុងផ្ញើវាសនាភាគច្រើនលើក្រុមបឹងកេត ដោតហេតុថាបឹងកេតអាចយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ចំណែកភ្នំពេញក្រោនអាចបន្តយកឈ្នះលើ គិរីវង្សសុខសែនជ័យ នោះអ្វីៗនឹងមានបម្រែបម្រួលនៅសប្ដាហ៍បន្ទាប់។ លើសពីនេះនៅជុំទី៤ បឹងកេតត្រូវប៉ះស្វាយរៀងម្ដងទៀតផងដែរ។ ឈាន​ចូលដល់សប្ដាហ៏បន្ទាប់ដែលជាជុំទី៤​ បើក្រុមការពារដំណែងជើងឯកភ្នំពេញក្រោន អាចផ្ដួលក្រុមខ្លាំងដែលកំពុងកាន់កាប់កំពូលតារាងបានទៀតនោះ ព្រះខ័នរាជ្យស្វាយរៀង នឹងរង្គោះរង្គើរកាន់តែខ្លាំងជាក់ជាមិនខាន ឬមួយអាចត្រូវក្អួតឈាមដូចរដូវកាលមុនផងក៏ថាបានក្រោយរបូតចាញ់ភ្នំពេញក្រោន ស្មើនឹងរបូតពាន។

មែនទែនទៅ ការប្រយុទ្ធលើសម៉រភូមិវាលស្មៅមួយនេះអាចនឹងមានបម្រែបម្រួលបានគ្រប់ពេលវេលា មិនថាក្នុងពិភពបាល់ទាត់លីគកំពូលកម្ពុជា ឫបាល់ទាត់នៅជុំវិញពិភពលោកនោះទេ។ សរុបមកក្នុងពេលនេះភ្នំពេញក្រោនត្រូវបន្តឈ្នះ ខណៈស្វាយរៀងក៏ត្រូវខំលេងកុំឱ្យចាញ់នឹងកេត និងបើទោះជាស្មើក៏ស្វាយរៀងនៅមានទឹកមាត់លេបច្រើនជាងដែរ។ ដូច្នេះមានតែចាំមើលទាំងអស់គ្នានៅប្រកួតថ្ងៃស្អែក ថាតើជោគវាសនារវាងគូកម្មទាំងពីរនេះទៅជាយ៉ាងណា? តើម្នាក់ណាជាអ្នកសម្រក់ទឹកភ្នែកសោកស្ដាយ ហើយក្លឹបណាជាអ្នកសម្រក់ទឹកភ្នែកព្រោះរំភើប? ក្លឹបបឹងកេតប្រហែលជាអាចជួយឆ្លើយនូវសំណួរនេះបាន។ គួរជម្រាបដែរថា សម្រាប់ការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជាសប្ដាហ៍ទី២៧ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រូវប៉ះគ្នាជាមួយ​គិរីវង្សសុខសែនជ័យ នៅថ្ងៃទី២០ មេសា ឆ្នាំ២០២៤ វេលាម៉ោង៤ៈ០០នាទីរសៀល។ ចំណែក បឹងកេត​ ប៉ះគ្នាជាមួយព្រះខ័នរាជ្យស្វាយរៀង នៅវេលាម៉ោង៦ៈ០០នាទីល្ងាច នៅថ្ងៃដដែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត