
លីគកំពូលកម្ពុជា៖ ក្រោយការប្រកួតសប្តាហ៍ទី២៦ត្រូវបានបញ្ចប់នៃក្របខណ្ឌលីគកំពូលកម្ពុជា ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តនាំមុខភ្នំពេញក្រោន៧ពិន្ទុដដែល ពោលគឺព្រះខ័នរាជស្វាយរៀងត្រូវការតែ៦ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯករដូវកាលនេះ បើទោះបីជាភ្នំពេញក្រោនឈ្នះទាំង៤ប្រកួតចុងក្រោយក៏ដោយ...។

ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះ២ប្រកួតទៀតប៉ុណ្ណោះ នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល២០២៣-២០២៤នេះហើយ បើទោះបីសល់ការប្រកួតក្នុងដៃ៤ប្រកួតដូចភ្នំពេញក្រោនក៏ដោយ ព្រោះបច្ចុប្បន្នបាននាំមុខ៧ពិន្ទុលើគូប្រជែងតែមួយគត់ គឺភ្នំពេញក្រោនក្នុង Top 4 ដែលនឹងត្រូវលេងជុំទីបី៣ប្រកួតបន្ថែម។ អ្នកគាំទ្រភ្នំពេញក្រោនពេលនេះ បាននិងកំពុងអុជធូបបន់ស្រន់គ្រូតូចគ្រូធំ ធ្វើយ៉ាងណាឱ្យការប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀងចាញ់ទាំងពីរប្រកួត ហើយភ្នំពេញក្រោនបន្តឈ្នះ២ប្រកួតដូចគ្នាទើបមានឱកាសតាមពីក្រោយប្រជែងពាន។ ទោះយ៉ាងណា នេះគ្រាន់តែជាក្ដីបារម្ភ និងការស្រឡាញ់ពីសំណាក់ក្រុមភ្នំពេញក្រោន ដែលជាក្លឹបអាយដលរបស់ខ្លួនប៉ុណ្ណោះ ដរាបណាការប្រកួតមិនទាន់បានបញ្ចប់រយៈពេល៩០នាទី នៅលើទីលានប្រកួតអ្វីៗអាចនឹងប្រែប្រួលបានគ្រប់ពេលវេលា។

គួរឱ្យដឹងដែរថា ឆ្លងកាត់២៦ប្រកួត ព្រះខ័នរាជស្វាយរៀងរកបាន៦៨ពិន្ទុ ពីការឈ្នះ២២ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត ខណៈគូប្រជែងភ្នំពេញក្រោន រកបាន៦១ពិន្ទុ ឈ្នះ១៩ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត។ មែនទែនទៅ ក្រុមបាល់ទាត់៨ផ្សេងទៀតសុទ្ធតែអស់ឱកាសប្រជែងជើងឯកហើយ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺតំបន់កំពូលទាំង៤ (TOP4) ពេលនេះមានក្រុមវិសាខា និងបឹងកេត សង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយជាមួយភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ដោយវិសាខាមាន៤១ពិន្ទុ និងបឹងកេតមាន៤០ពិន្ទុ។ សម្រាប់ជុំទី៣នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ មុនពេលបន្តវគ្គ៤ក្រុមចុងក្រោយដែលមាន៣ប្រកួត។ សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង១ប្រកួតទៀតក្នុងជុំទី៣ នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ ក្រុមបឹងកេត នៅថ្ងៃសៅរ៍ទី២០ ខែមេសាខាងមុខនេះ ហើយនៅក្នុងថ្ងៃដដែលនេះដែរ ភ្នំពេញក្រោនត្រូវប្រកួតក្រៅដីជាមួយក្រុមលេខ៩ គឺក្រុមគីរីវង់សុខសែនជ័យផងដែរ៕





