ក្រោយខនខាន៥ឆ្នាំព្រះខ័នរាជស្វាយរៀងឈ្នះពានសម្តេចហ៊ុនសែនម្តងទៀតជាលើកទី៥ក្នុងប្រវត្តិសាស្ត្រដូចគ្នា
ជួន ចាន់ម៉ារ៉ាឌី
29 មេសា 2024 07:45 AM

បាល់ទាត់៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រឡប់មកគ្រងជើងឯកពានរង្វាន់សម្តេចហ៊ុ​នសែនជាលើកទី៥ក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប និងបន្ទាប់ពីខកខានអស់ពេល៥ឆ្នាំផងដែរ ក្រោយពួកគេឈ្នះពាននេះលើកចុងក្រោយក្នុងឆ្នាំ២០១៧។ 

ការប្រកួតដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា គឺការប្រកួតដណ្ដើមពានរង្វាន់អគ្គមហាសេនាបតិតេជោហ៊ុនសែន វគ្គផ្ដាច់ព្រ័តលើកទី១៧ រដូវកាល២០២៣-២០២៤ កាលពីរាត្រីថ្ងៃទី២៨ មេសា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រវាងក្រុមព្រះខ័នរាជស្វាយរៀង ជាមួយក្រុម​ ភ្នំពេញក្រោន ដែលមានអ្នកចូលរួមទស្សនារហូតដល់ទៅជាង១០ម៉ឺននាក់។ ក្នុងនោះអ្នកទស្សនាផ្ទាល់នៅទីលាន មានដល់ទៅ ២៩៧៦៩នាក់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជា រួមជាមួយដៃគូសហាការផ្សេងទៀតរហូតដល់ទៅជាង ៧២៥០០នាក់ នេះនៅមិនទាន់បូកបញ្ចូលទាំងអ្នកបានទស្សនាផ្សាយតាមបណ្ដាញផ្សេងៗទៀតនៅឡើយទេ។ នេះគឺជាជោគជ័យមួយទៀតសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា បើទោះបីជាចប់ការប្រកួតមួយនេះ ត្រូវមានម្ខាងសប្បាយរីករាយ និងម្ខាងទៀតត្រូវសោកសៅក៏ដោយ។ 

ការប្រកួតកាលពីយប់មិញ ជាការប្រកួតមួយដ៏តានតឹងបំផុត ដោយបានអូសបន្លាយពេលវេលារហូតដល់ទៅ១២០នាទី នៅលើទីលាន ខណៈដែលមានគ្រាប់បាល់បំប៉ោងសំណាញ់ទីតែ១គ្រាប់គត់បានកើតឡើង ហើយក៏ជាគ្រាប់បាល់ដែលជួយបង្កើតកំណត់ត្រាថ្មីសម្រាប់ ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោជាលើកទី៥ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ គ្រាប់បាល់១គ្រាប់ ដែលកើតចេញពីជើងឆ្វេងរបស់កីឡាករម្ចាស់អាវលេខ៩៩ សញ្ជាតិកាណាដា Marcus Warran Haber (ម៉ាកូស វ៉ារេន ហាប៊ឺ) នៅនាទីទី១០៩ ក្នុងការបន្ថែមម៉ោង១៥នាទី២ដង បានកម្ទេចបេះដូងអ្នកគាំទ្រក្រុមភ្នំពេញក្រោន។ ដង្ហើមចុងក្រោយរបស់ភ្នំពេញក្រោនដែលនៅសេសសល់ អ្នកចាំ អ៊ំ សេរីរ័ត្ន ព្យាយាមឡើងទៅជួយមិត្តរួមក្រុមក៏នៅតែមិនអាចរកគ្រាប់បាល់តាមស្មើមកវិញបានដដែល។ មែនទែនទៅ ក្រុមភ្នំពែញក្រោន ក៏មានឱកាសបំប៉ោងសំណាញ់ទីដៃគូខ្លួនរាប់ចាប់តាំងពីវគ្គទី១មកម៉្លេះ ប៉ុន្តែគ្រាប់បាល់ដែលស៊ុតចូលនោះសុទ្ធតែស្ថិតក្នុងជំឈរ offside ទាំងអស់។ ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង ពេលនេះសម្រេចបានឈ្នះជើងឯកជាលើកទី៥ ខណៈភ្នំពេញក្រោនបរាជ័យគ្រងជើងឯកលើកនេះបន្ទាប់ពីខកខានអស់ពេលជិត១៥ឆ្នាំទៅហើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត