
(បាល់ទាត់)៖ ខ្សែការពាររបស់ក្លឹបភ្នំពេញក្រោន Soe Moe Kyaw ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ទល់នឹងក្រុមជម្រើសជាតិនេប៉ាល់ចំនួន២ប្រកួតនៅឯកីទ្បដ្ឋាន Thuwunna ថ្ងៃទី០៨ និង១១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

កីទ្បាករមីយ៉ាន់ម៉ាវ័យ២៥ឆ្នាំខាងលើនេះ បានចាកចេញពីក្លឹប Kasetsart F.C សមាជិកលីគទី២របស់ប្រទេសថៃ មកកាន់ក្រុមភ្នំពេញក្រោន កាលពីដើមខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ Soe Moe Kyaw គឺជាកីទ្បាករសញ្ជាតិមីយ៉ាន់ម៉ាទី២ ដែលផ្លាស់មកលេងនៅលីគកំពូលកម្ពុជា នារដូវកាលថ្មីនេះ បន្ទាប់ខ្សែប្រយុទ្ធ Thiha Saw របស់ក្លឹបបាល់ទាត់ព្រៃវែង។ យ៉ាងណា មិនត្រឹមតែមានកីទ្បាករ Soe Moe Kyaw របស់ក្រុមភ្នំពេញក្រោនទេ សូម្បីតែកីទ្បាករកូតាអាស៊ានម្នាក់ទៀតរបស់ក្រុមអង្គរថាយហ្គឺរ ខ្សែបម្រើ Pocholo Bugas ក៏ត្រូវបានកោះហៅចូលជម្រើសជាតិហ្វីលីពីនអាយុ២៣ឆ្នាំ Philippines U23 Men's National Pool (PHI U23 MNT) ចូលរួមក្នុងសហព័ន្ធបាល់ទាត់ អាស៊ី (AFC) U-23 វគ្គជម្រុះអាស៊ានខាប់ ២០២៤ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងឈុនបុរី ប្រទេសថៃ..។

កីទ្បាករ Pocholo Bugas ដែលមានវ័យ២១ឆ្នាំរូបនេះ បានចូលរួមជាមួយកឹ្លបអង្គរថាយហ្គឺរ ក្នុងនាមជាកីឡាកកូតាអាស៊ាន សញ្ជាតិហ្វីលីពីន ក្នុងលីគកំពូលកម្ពុជា CPL រដូវកាល ២០២៣-២៤ នេះ។ Pocholo Bugas ធ្លាប់ជាអតីតថ្នាលយុវជនរបស់ Far Eastern University និងចូលរួមឈុតធំដំបូងនៅឆ្នាំ២០២០ ជាមួយក្រុម United City FC។ សូមរំឭកថា រយ:ពេល៣ឆ្នាំ កីទ្បាករ Pocholo Bugas បានរួមចំណែកជួយឱ្យក្រុម United City FC គ្រងជើងឯកលីគកំពូលហ្វីលីពីនចំនួន២លើក ពោលគឺនៅរដូវកាល ២០១៩-២០ និង ២០២១-២២ ហើយរូបគេធ្លាប់បានបង្ហាញខ្លួនក្នុងពានរង្វាន់ AFC Champions League ផងដែរ។ បន្ថែមពី Pocholo Bugas ក៏ជាប់ជម្រើសជាតិហ្វីលីពីន U-22 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា កាលពីកន្លងទៅ..។

គួរជម្រាបថា សម្រាប់ការប្រកួតលីគកំពូលកម្ពុជា CPL សប្តាហ៍ទី៥ នឹងត្រូវសម្រាកចាប់ពីសប្ដាហ៍នេះរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ដោយសារចំថ្ងៃ FIFA Day ដូច្នេះ ការប្រកួតនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕


សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖


