
បាល់ទាត់៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ នឹងបញ្ចប់នៅថ្ងៃអាទិត្យទី២៨ ខែមេសា ដោយក្រុម ព្រះខ័នរាជ្យស្វាយរៀង ត្រូវជួបក្រុមភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក។ អ្នកគាំទ្រក្រុមភ្នំពេញក្រោន សង្ឃឹមថាក្រុមនឹងលើកពានសម្តេចតេជោ ព្រោះឱកាសដណ្តើមពានលីគកំពូលនៅសល់មិនដល់១០ភាគរយទេ...។

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ នឹងត្រូវធ្វើឡើងនៅលើសមរភូមិវាលស្មៅសប្បនិម្មិតនាពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតចុងខែមេសាខាងមុខនេះ ក្រុមទាំងពីរនឹងមានអ្នកគាំទ្ររបស់ខ្លួនចូលទស្សនាលើកទឹកចិត្តច្រើនកុះករដូចគ្នា ព្រោះជាការប្រកួតដ៏សំខាន់ដែលអ្នកគាំទ្រក្រុមទាំងពីរទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ។ មែនទេនទៅ អ្នកគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអ្នកគាំទ្រភ្នំពេញក្រោន រួមទាំងអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់ នឹងទទួលបានទស្សនីយភាពប្លែកភ្នែក ជាមួយការទស្សនាលើកៅអីអង្គុយមានខ្នងបង្អែកថ្មី ដែលទើបនឹងសាងសង់រួចរាល់ថ្មីៗនេះ ខណៈកៅអីអង្គុយដ៏ស្រស់ស្អាតចំនួន២៥០០០ រៀបចំឡើងតាមគោលការណ៍របស់ FIFA និង AFC នឹងត្រូវទទួលស្វាគមន៍បងប្អូននៅថ្ងៃដណ្តើមពានជើងឯក។ សម្រាប់ក្រុមភ្នំពេញក្រោន បើរបូតពានសម្តេចតេជោ ហ៊ុន សែន គឺរដូវកាលនេះ មានវាសនាមិនខុសពីក្រុមបឹងកេតប៉ុន្មានទេ ព្រោះឱកាសដណ្តើមពានជើងឯកលីគកំពូលកម្ពុជាក៏ស្តួចស្តើង និងជ្រុះចេញពីពាន AFC Cup ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងតំបន់អាស៊ានទៀត ដូច្នេះបើប្រកួតថ្ងៃ២៨មេសាខាងមុខ ភ្នំពេញក្រោនមិនប្រឹងឱ្យខ្លាំងទេ រដូវកាលនេះនឹងមិនបានពានអ្វីមួយឡើយ។

គួររំឭកផងដែរថា ក្រុមព្រះខ័នរាជស្វាយរៀង ធ្លាប់គ្រងជើងឯកពានរង្វាន់មួយនេះ៤សម័យកាល ខណៈក្រុមភ្នំពេញក្រោន ក៏ធ្លាប់គ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២សម័យកាលផងដែរ។ ដូច្នេះ រង់ចាំមើលទាំងអស់គ្នាថា ក្រុមព្រះខ័នរាជស្វាយរៀង ឬក្រុមភ្នំពេញក្រោន តើក្រុមណានឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧នេះ...? សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯករវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន ធ្វើឡើងនៅវេលាម៉ោង៦ល្ងាច ខណៈក្រុមវិសាខា ត្រូវតទល់ជាមួយក្រុមបឹងកេត ដណ្តើមកៅអីចំណាត់ថ្នាក់លេខ៣ នៅវេលាម៉ោង៤រសៀលផងដែរ៕




