
(បាល់ទាត់)៖ នៅថ្ងៃទី៣១ ខែសីហា ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ជាតិ ព្រះខ័នរាជស្វាយរៀង ស្វាគមន៍ក្រុមភ្ញៀវអគ្គិសនីកម្ពុជានៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង៦:៣០នាទីល្ងាច។ នេះជាជំនួបដ៏តឹងតែង សម្រាប់ក្រុមទាំង២ បន្ទាប់ពីជើងទី១កាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅ។ គូទាំងពីរនេះបានបញ្ចប់ដោយលទ្ធផលស្មើគ្នាគឺ អគ្គិសនីកម្ពុជា ស្មើ ព្រះខ័នរាជស្វាយរៀង ១-១។

កាលពីវគ្គ១៦ក្រុមចុងក្រោយ អគ្គិសនីកម្ពុជា បានយកឈ្នះក្រុមលេងលីគកំពូល គិរីវង់សុខសែនជ័យ នៅជើងទី១ដោយលទ្ធផល ៣-២ និងជើងទី២ស្មើ ១-១ ដូច្នេះសរុបទាំងពីរជើង អគ្គិសនីកម្ពុជាឈ្នះ ៤-៣ ដើម្បីឡើងវគ្គ៨ក្រុមចុងក្រោយ ខណៈព្រះខ័នរាជស្វាយរៀង បានជើងទី១ ឈ្នះលើក្រុមសូលទីឡូអង្គរដោយលទ្ធផល ១-០ និងជើងទី២ឈ្នះ៤-០ ដូច្នេះសរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀងបានឈ្នះ ៥-០។

កីឡាករ ជូ ស៊ីនទី ខ្សែបម្រើព្រះខ័នរាជស្វាយរៀង បានឱ្យដឹងថា ៖«ខ្ញុំគិតថា ការប្រកួតជាមួយ អគ្គិសនីកម្ពុជា គឺជាការប្រកួត តានតឹងមួយ ព្រោះគេជាក្រុមដែលកំពុងលេចធ្លោនៃលីគទី២ ដែលជាក្រុមមួយមានតំបន់ប្រយុទ្ធល្អ និងតែងតែធ្វើបានល្អក្នុងដីរបស់គេ។ តែយ៉ាងណាក៏ដោយ ក៏ក្រុមយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតមួយនេះដើម្បីបានទៅវគ្គបន្ត»។

ដោយឡែក ចន្ថា ចន្ធាកា ខ្សែប្រយុទ្ធរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងដែរថា ៖«ខ្ញុំសប្បាយចិត្តដែលមានឱកាសលេងជាមួយក្រុមខ្លាំងនៅលីគកំពូលកម្ពុជា។ ខ្ញុំគិតថា ការប្រតួកថ្ងៃនេះ វាមិនមានអ្វីតានតឹងទេ ពីព្រោះខ្ញុំជឿជាក់លើបងប្អូនក្នុងក្រុមខ្ញុំ។ ខ្ញុំជឿជាក់លើសមត្ថភាពបងប្អូនក្នុងក្រុមរបស់ខ្ញុំថា ពួកយើងនឹងធ្វើបានល្អសម្រាប់ការប្រកួតថ្ងៃនេះ»៕
ក្នុងការប្រកួតជើងទី១នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងបាននាំមុខ០ទល់នឹង១ ដោយការតែតបញ្ចូលទីពីប្រធានក្រុម សឿយ វិសាល។ ចូលដល់នាទី៨៧ ចន្ថា ចន្ទាកា បានទាត់បាល់ពិន័យ១១ម៉ែត្របញ្ចូលទីបានសម្រេច ក្រោយបាល់ប៉ះដៃខ្សែការពារ គឹម សុខយុទ្ធ របស់ស្វាយរៀង។ ចាំមើលថាក្រុមទាំងពីរក្រុមណាមានឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ៕



