
ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនក្នុងខេត្ត ព្រមទាំងរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ មីនា ឆ្នាំ២០២៤ ដើម្បីបញ្ចៀសការកកស្ទះក្នុងពិធីបុណ្យទន្លេលើកទី៨ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលកំពុងប្រព្រឹត្តទៅក្នុងខេត្តក្បែរបឹងទន្លេសាបនៃប្រទេសកម្ពុជា។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តបញ្ជាក់ថា៖«ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្តសៀមរាបនឹងធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវមួយចំនួនក្នុងខេត្ត»។ ផ្លូវទាំងនោះរួមមាន៖ទី១.កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ (ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្តុបសារមន្ទីរជាតិអង្គរ) កំណាត់ផ្លូវមុខទីតាំងមហាសណ្ឋាគារអង្គរ កំណាត់ផ្លូវតំបន់សួនព្រះរាជដំណាក់ និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង។ ទី២.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីចំណុចស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានវត្តដំណាក់ និងផ្លូវច្រកចូលមកមាត់ស្ទឹង។ ទី៣.កំណាត់ផ្លូវអាចារ្យស្វា(ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ ដល់ចំណុចខាងជើងស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត និងផ្លូវច្រកចូលមកមាត់ស្ទឹង។ ទី៤.កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីសណ្ឋាគារ J7 ដល់ចំណុចស្តុបកោះកេរ្តិ៍។ ទី៥.ផ្លូវតំបន់ផាប់ស្ទ្រីត និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង។ ចំពោះមុខនៃការបិទផ្អាកកំណាត់ផ្លូវមួយចំនួនមិនឱ្យចរាចរណ៍ អាជ្ញាធរ ក៏បានបង្ហាញពីផែនទីចំណត់ភ្ជាប់ជាមួយសេចក្តីជូនដំណឹងផងដែរ ដោយទីតាំងចំណតយានយន្តគ្រប់ប្រភេទនោះសម្រាប់គណៈអធិបតី ភ្ញៀវកិត្តិយស និងសាធារណជនទូទៅចូលចត។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នឹងរៀបចំឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅសួនព្រះរាជដំណាក់ (មាត់ស្ទឹងសៀមរាប) រហូតដល់ផ្សារចាស់ (តំបន់ផាប់ស្ទ្រីត)។ ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមទស្សនាកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនកុះករ។ ជាមួយគ្នានោះ ក៏មានកម្មវិធីប្រគំតន្ត្រី ការសម្តែងសិល្បៈ ការតាំងពិពណ៌ ការបាញ់កាំជ្រួច កម្មវិធីជិះទូក បណ្តែតទឹក កម្មវិធីកីឡាបាញ់ធ្នូ និងកម្មវិធីជិះកង់ និងមានកម្មវិធីផ្សេងៗជាច្រើនទៀត។ល។

គួររំឭកថា ព្រឹត្តិការណ៍បុណ្យទន្លេត្រូវបានរៀបចំនួន៧លើករួចមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង។ ចំណែកឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ រីឯឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល ឆ្នាំ២០១៩ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់ពេល២ឆ្នាំ គឺឆ្នាំ២០២១ និងឆ្នាំ២០២២។ ចំណែកឯឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ ក៏ត្រូវរៀបចំឡើងនៅខេត្តកំពង់ធំ៕









