ក្រសួងសាធារណការ បិទមិនឱ្យរថយន្តធំឆ្លងកាត់ផ្លូវខេត្តលេខ៣១២ រយៈពេលជាង១ខែ
យិត​​ ស្រីល័ក្ខ
31 មករា 2024 02:00 AM

ខេត្តព្រៃវែង៖ ក្រសួងសាធារណការនឹងផ្អាកចរាចរយានយន្តធុនធំគ្រប់ប្រភេទ ឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពីគីឡូម៉ែត្រ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង​ ចំនួន៣៧ថ្ងៃជាបណ្តោះអាសន្ន។ នេះបើយោងតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤...។

ក្រសួងសាធារណការ បានឱ្យដឹងថា ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះទទួលបានជោគជ័យ និងបញ្ចប់ទៅទាន់ពេលវេលាដែលបានគ្រោងទុកក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំផ្អាកការធ្វើចរាចរណ៍របស់យានយន្តធុនធំគ្រប់ប្រភេទដែលមានទម្ងន់សរុបលើសពី១៦តោន ឆ្លងកាត់ទីតាំងខាងលើ ចាប់ពីថ្ងៃទី១២កុម្ភៈ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ បច្ចុប្បន្នក្រុមហ៊ុនម៉ៅការកំពុងចាប់ផ្តើមការងារស្ថាបនាផ្លូវខេត្តនេះ ហើយនៅត្រង់ចំណុចច្រកទ្វារឆ្លងកាត់ព្រំដែនអន្តរជាតិបន្ទាយចក្រី ក៏នឹងត្រូវសាងសង់ក្រាលបេតុងសរសៃដែកនៅគន្លងផ្លូវម្ខាងម្ដង និងទុកគន្លងផ្លូវម្ខាងដែលមានប្រវែង៤ម៉ែត្រសម្រាប់ធ្វើចរាចរ ដូច្នេះអាចធ្វើដំណើរបានត្រឹមតែទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តធុនតូច និងរថយន្តដឹកទំនិញក្រោមទម្ងន់១៦តោនតែប៉ុណ្ណោះ។

ក្រសួងបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា​​ បានទទួលប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងលេខ ៤១១៩-CAM (COL) ដើម្បីធ្វើការស្ថាបនា និងពង្រីកផ្លូវខេត្តលេខ៣១២ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ ការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារនៅព្រំដែនវៀតណាម និងការធ្វើដំណើររបស់ប្រជាជនទៅកាន់មន្ទីរពេទ្យ និងសិស្សានុសិស្សទៅសាលារៀនឱ្យកាន់តែងាយស្រួលថែមមួយកម្រិតទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត