
(បាល់ទាត់)៖ ក្លឹបបាល់ទាត់បឹងកេត បានចុះហត្ថលេខានាំយកខ្សែការពារជប៉ុន យូស៊ូកិ មូតា Yusuke Muta និងខ្សែបម្រើបារាំង អង់តូនី លឺម៉ែរ៉េ Antoine Lemarié នាអំទ្បុងពេលទីផ្សារដោះដូរកីទ្បាករលើកទី២ នៃក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ ដើម្បីចូលរួមប្រកួតប្រជែង ក៏ដូចជាពង្រឹងក្រុមបន្ថែមទៀត។

កីឡាករ យូស៊ូកិ មូតា ដែលមានវ័យ៣៣ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធច្រើនមែនទែនក្នុងការប្រកបអាជីពបាល់ទាត់នៅជប៉ុន ក្នុងនោះរួមមាន៖ ក្លឹបNagoya Grampus , ក្លឹបKyoto Sanga (J-League 1), FC Imabari, Iwate Grulla Morioka និងក្លឹបFC Ryukyu នៃក្របខណ្ឌលីគទី ៣ ជប៉ុន (J-League 3)។ កីឡាករ អង់តូនី លឺម៉ែរ៉េ ក៏មិនធម្មតាផងដែរ កីទ្បាករដែលមានវ័យ២៧ឆ្នាំរូបនេះ ក៏ធ្លាប់លេងឱ្យក្លឹបនៅតំបន់អឺរ៉ុបជាច្រើន ប៉ុន្តែមុនពេលផ្លាស់មកកម្ពុជា រូបគេលេងឱ្យក្លឹប Rovaniemen Palloseura (RoPS FC) នៃលីគទី៣របស់ប្រទេសហ្វាំងឡង់ផងដែរ។ ការចូលរួមរបស់កីទ្បាករបរទេសទាំងពីខាងលើ គឺបន្ទាប់ពីក្លឹបបានចែកផ្លូវជាមួយកីទ្បាករបរទេស២នាក់ រួមមាន៖ ខ្សែការពារកណ្តាលអាន់ឌើស៊ុន Anderson Zogbe និងខ្សែបម្រើកណ្តាលលូកេ ស្ទុកខូយ Luke Stokoe អំឡុងទីផ្សារដោះដូរលើកទី២។ ដូច្នេះ សម្រាប់កីទ្បាករ យូស៊ូកិ មូតា និងកីឡាករអង់តូនី លឺម៉ែរ៉េ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុមនាជើងទី២ ក្នុងនាមជាជញ្ជាំងដ៏រឹងមាំ ក៏ដូចជាជួយពង្រឹងក្រុមបន្ថែមទៀតនៅតំបន់ការពារ និងបម្រើកាន់តែប្រសើរជាងនេះទៅទៀត។

លោក Clement Teo ក៏ចង់ពង្រឹងប្រព័ន្ធតំបន់ការពារ ក៏ដូចជាតំបន់បម្រើ ដោយសារ៥ប្រកួតចុងក្រោយ ពួកគេធ្វើមិនបានល្អទ្បើយ ដោយប្រកួតស្មើ៣ប្រកួត និងចាញ់២ប្រកួត ក៏ដូចជារបូតគ្រាប់បាល់រហូតដល់១៥គ្រាប់ឯណោះ។ ក្រោយពីដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ កៅអីតួនាទីរបស់លោកគ្រូ Clement Teo កំពុងទ្បើងកម្តៅផងដែរ។ យ៉ាងណា បច្ចុប្បន្ន ក្លឹបបាល់ទាត់បឹងកេត ដែលនៅក្រោមការដឹកនាំរបស់បុរសសញ្ជាតិសិង្ហបុរីរូបនេះ ក៏កំពុងជួបការលំបាកដោយសារកីទ្បាករល្អៗភាគច្រើនសុទ្ធតែមានបញ្ហារបួស។ គួរបញ្ជាក់ថា បន្ទាប់ពីប្រកួតស្មើ ២-២ ជាមួយក្រុមព្រៃវែងក្នុងការប្រកួតសប្តាហ៍ទី១២ ក្រុមដែលមានរហស្សនាមនាគខៀវ បានរអិលធ្លាក់ទៅកាន់លេខរៀងទី៥ ដោយប្រដេញតាមពីក្រោយ១ពិន្ទុពីក្រុមលេខ៤ អាយអេសអាយដង្កោសែនជ័យ ដែលមាន១៧ពិន្ទុ បន្ទាប់ពីស្មើជាមួយក្រុមលេខ៣វិសាខា ១-១។ ការប្រកួតបន្តរបស់ក្រុមបឹងកេត នឹងត្រូវជួបជាមួយក្រុមវិសាខា នៅឯកីទ្បដ្ឋានព្រីសន៍ នាចុងសប្តាហ៍នេះផងដែរ៕





