
ខេត្តសៀមរាប៖ ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ភ្លៀវទៅទស្សនាថ្ងៃលិច និងពន្លឺពណ៌មាសដែលបានចាំងប៉ះលើផ្ទៃទឹកនៃកសិន្ធុអង្គរធំ ធ្វើឱ្យអារម្មណ៍ល្អស្រស់ស្រាយ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំ បានគូសបញ្ជាក់ថា ក្រៅពីភ្នំបាខែងខ្លោងទ្វារទន្លេអុំក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ទាក់ទាញ និងពន្លឺពណ៌មាសបានចាំងប៉ះលើផ្ទៃទឹកនៃកសិន្ធុអង្គរធំ ដែលជាទិដ្ឋភាពមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនរួមមាន៖ ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្ទទឹកដោះ កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។ ភាគច្រើនភ្ញៀវទេសចរចំណាយពេលក្នុងការដើរទស្សនាខ្លោងទ្វារនេះចាប់ពី១០ទៅ២០នាទី ហើយពេលខ្លះ ទៅទស្សនាប្រាសាទដែលនៅក្បែរៗនោះរួមមាន៖ ប្រាសាទបាយក្អែក និងប្រាសាទបក្សីចាំក្រុង ក៏ដូចជាការជិះទូកកម្សាន្តនៅកសិន្ធុនៅជ្រុងខាងលិចជាដើម។

គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ស្មានរបស់ប្រធានភ្នាក់ងារទេសចរណ៍នៅទីនោះ បច្ចុប្បន្នក្នុងមួយថ្ងៃមានភ្ញៀវទេសចរចូលទស្សនាខ្លោងទ្វារទន្លេអុំចន្លោះពី១០០០នាក់ ទៅជាង២០០០នាក់។ ដើម្បីសម្រួលដល់កិច្ចការងារនេះ ក្រុមការងារភ្នាក់ងារទេសចរណ៍បានជួយសម្រួលការដើរទស្សនា ក៏ដូចជាជួយសម្រួលចរាចរណ៍បង្ការកុំឱ្យមានគ្រោះថ្នាក់កើតទ្បើងណាមួយជាយថាហេតុដល់ភ្លៀវទេសចរ៕






