
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មានមួយ ដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការឆ្លងជំងឺអេដស៍ជាង១ពាន់នាក់ ត្រឹមរយៈពេលមួយថ្ងៃ...។

ការច្រានចោលព័ត៌មាននេះ បានធ្វើឡើងក្រោយមានគណនីហ្វេសប៊ុកមួយបានផ្សព្វផ្សាយថា៖ «ជំងឺអេដស៍ថ្ងៃនេះផ្ទុះឡើង១ពាន់អ្នកជាងហើយ ឱជីវិតប្រពន្ធកូននៅផ្ទះទៅជាយ៉ាងណា បើប្ដីលួចមានដៃគូច្រើន»។ ភ្លាមៗ...ក្រសួង បានចេញមកបំភ្លឺជៀសវាងមានការយល់ច្រឡំ ឬការចែកចាយព័ត៌មានមិនពិតក្នុងចេតនាបំពុលសង្គម។ ក្រសួងសុខាភិបាល បានអះអាងថា៖ «ព័ត៌មានខាងលើនេះ ជាព័ត៌មានមិនពិតទេ ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ហើយសូមម្ចាស់គណនីដែលបានផ្សាយនេះ បញ្ឈប់ការផ្សាយបែបនេះតទៅទៀត។ សូមបងប្អូនសាធារណជនជ្រាប និងចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះផង»។យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគ និងអង្គការយូអ៊ិនអេដស៍ (UNAIDS) បានឱ្យដឹងថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ៧៦០០០នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤០០០នាក់ ជាមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងប្រហែល២០០០នាក់។ ៨៦ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ខណៈមនុស្ស ១១០០០នាក់ ត្រូវបានប៉ាន់ស្មានថា ពួកគេមិនដឹងថាខ្លួនកំពុងផ្ទុកមេរោគអេដស៍នៅឡើយ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍ ៦៤៩៣១នាក់ បានកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។ តាមការប៉ាន់ប្រមាណអាចនឹងមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១៤០០នាក់ ក្នុងឆ្នាំ២០២២ ដែលមានន័យថា មនុស្សប្រហែល៤នាក់ បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ តាមចំនួនប្រជាជន៨៣ភាគរយ នៃការឆ្លងមេរោគអេដស៍ថ្មីសរុប គឺស្ថិត ក្នុងចំណោមប្រជាជនប្រភេទមួយចំនួន រួមមាន៖ បុគ្គលិកផ្នែកកម្សាន្តស្ត្រី បុរសរួមភេទជាមួយបុរស អ្នកដែលប្រើ និងចាក់ថ្នាំញៀនជាដើម៕




