
រាជធានីភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញការគាំទ្រយ៉ាងក្លៀវក្លាចំពោះការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្នើកុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈអគ្គនាយកស៊ីម៉ាក់រូបនេះ អះអាងថា ពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែន នឹងទទួលការឈឺចាប់ដូចពលរដ្ឋកម្ពុជាមិនខាន...។

លោក ហេង រតនា បានឱ្យដឹងថា គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង៥០ឆ្នាំហើយក៏ដោយ ក៏គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ។ ក្ដីឈឺចាប់ និងផលលំបាកនៃសង្គ្រាម ជាពិសេសដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា និងបណ្តាប្រទេសរងគ្រោះមួយចំនួន ក៏ជាចំណែកមួយនៃចលនាបង្កើតអនុសញ្ញាអន្តរជាតិអូស្លូ ស្តីពី "ការហាមប្រាមការប្រើប្រាស់ ការផលិត ការស្តុកទុក និងការដឹកជញ្ជូនគ្រាប់បែកចង្កោម" ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ នៅឆ្នាំ២០០៨ មាន១២៣ប្រទេស ក្នុងនោះមានរដ្ឋភាគីចំនួន១១១ និងរដ្ឋហត្ថលេខីចំនួន១២បានព្រមព្រាងលើច្បាប់អន្តរជាតិមួយនេះ។

បន្ថែមលើនេះ អគ្គនាយកស៊ីម៉ាក់រូបនេះ បានគូសបញ្ជាក់ថាយ៉ាងដូច្នេះថា «ចូរចងចាំថា នៅទសវត្សរ៍៦០ និង៧០ កម្ពុជារងការទម្លាក់ប្រមាណ៣០លានកូនគ្រាប់បែកចង្កោម លើគោលដៅ(ទីតាំងទម្លាក់) រាប់មុឺនគោលដៅក្នុងក្របខណ្ឌទូទាំងប្រទេស។ តាមការសិក្សាវាយតម្លៃឃើញថា គ្រាប់បែកចង្កោមដែលបានប្រើក្នុងសង្គ្រាមឥណ្ឌូចិន មានកម្រិតអត្រាមិនផ្ទុះក្នុងការប្រើប្រាស់ក្នុងសង្គ្រាមមានចំនួនប្រមាណ២៥ ទៅ៣០ភាគរយ ដែលបរិមាណនេះបន្តបង្កគ្រោះថ្នាក់រយ:ពេលយូរអង្វែង»។ ផ្អែកលើភាពជាក់ស្តែងនេះ លោក និងអង្គភាពបោសសម្អាតមីនស៊ីម៉ាក់ គាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេជោ ចំពោះប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកផ្តល់គ្រាប់បែកចង្កោម និងអ្នកទទួលយកគ្រាប់បែកចង្កោមទៅប្រើប្រាស់ សូមបញ្ឈប់មហិ្ឆតាប្រើប្រាស់គ្រាប់បែកចង្កោមនេះ ក្នុងសមរភូមិប្រយុទ្ធ ព្រោះថា វិនាសកម្មពិតប្រាកដ គឺប្រជាជនស៊ីវិលស្លូតត្រង់ដែលត្រូវរងទុក្ខវេទនាយូរអង្វែងក្រោយសង្គ្រាមបានបញ្ចប់។ ទង្វេីនេះក៏ពាក់ព័ន្ធដោយផ្ទាល់ដល់ការគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សផងដែរ។ សូមបញ្ជាក់ថា តាមបណ្តាញព័ត៌មាននៅលើសកលលោក បានបង្ហាញថា ថ្នាក់ដឹកនាំប្រទេសអង់គ្លេស កាណាដា អាឡឺម៉ង់ អេស្បាញ អូរទ្រីស និងអង្គការសង្គមស៊ីវិលជាច្រើន បានប្រឆាំងនឹងការសម្រេចចិត្តផ្តល់ និងការប្រើប្រាស់ "គ្រាប់បែកចង្កោម" ក្នុងសង្គ្រាម រុស្សុី-អ៊ុយក្រែននេះផងដែរ...៕
សូមទស្សនាវីដេអូព័ត៌មាន៖









