
អាល្លឺម៉ង់៖ ឯកឧត្តម យ៉ុង តេគីម Young Tae Kim អគ្គលេខាធិការវេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum (ITF) បានឱ្យដឹងថា យោងតាមការព្យាករណ៍វិស័យដឹកជញ្ជូនឆ្នាំ២០២៣ ដោយ ITF តម្រូវការក្នុងការដឹកជញ្ជូនបន្តមានកំណើន សម្រាប់អ្នកដំណើរនឹងមានការកើនឡើងជិត៨០ភាគរយ ខ្ពស់ជាង ឆ្នាំ២០៥០ ហើយសម្រាប់ទំនិញតម្រូវការនឹងកើនឡើង២ដង ធៀបនឹងឆ្នាំ២០១៩។

ការអះអាងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2023 Summit (ITF-2023 Summit) ដែលប្រព្រឹត្តទៅនៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមផងដែរ។ ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន នឹងធ្វើឱ្យទីក្រុងកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ ធ្វើឱ្យការធ្វើដំណើរតាមផ្លូវថ្នល់មានសុវត្ថិភាពជាងមុន ធ្វើឱ្យគុណភាពខ្យល់ដកដង្ហើមល្អជាងមុន ធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព និងមានភាពស៊ាំ ក៏ដូចជាផ្តល់ជម្រើសច្រើនសម្រាប់អ្នកធ្វើដំណើរផងដែរ។ ឯកឧត្តមអគ្គលេខាធិការបានអំពាវនាវឱ្យប្រទេសទាំងអស់ ចាត់វិធានការ និងអនុវត្តឱ្យបានព្រមៗគ្នានូវការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន (Decarbonizing Transport)។

ក្នុងកិច្ចប្រជុំដដែលនេះ ឯកឧត្តម ម៉ាក ហាព័រ Mark Harper រដ្ឋមន្រ្តីដឹកជញ្ជូននៃចក្រភពអង់គ្លេស និងជាប្រធានវិលជុំ ឆ្នាំ២០២៣ របស់ ITF បានលើកឡើងថា៖ «វិស័យដឹកជញ្ជូនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង (Green Transport) ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន បង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព»។ ហេតុនេះហើយបានជាប្រទេសអង់គ្លេស ធ្វើការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើ (១)ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (២)រថយន្តក្រុងដែលមិនបញ្ចេញឧស្ម័ន (៣)រថភ្លើងល្បឿនលឿនដោយប្រើថាមពលអគ្គិសនី (៤)ស្ថិរភាពប្រេងសាំងយន្តហោះ (៥)ផ្លូវសម្រាប់កង់ និងផ្លូវសម្រាប់ថ្មើរជើង ហើយប្រទេសអង់គ្លេសក៏បានកំណត់គោលដៅ Net Zero Emission នៅត្រឹមឆ្នាំ២០៥០៕






