មកស្គាល់យុវជនរើសបានមេដាយប្រាក់ពី ចូណាថាន ខាំឌី ដែលគប់ទៅឱ្យថ្ងៃមុន
Serichopon Ye
20 ឧសភា 2023 05:00 AM

(ស៊ីហ្គេម)៖ បន្ទាប់ពីមហាជនខ្មែររិះគន់មិនសំចៃមាត់យ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញ កីទ្បាករជម្រើសជាតិថៃ ចូណាថាន ខាំឌី Jonathan Khemdee បង្ហាញកាយវិការមិនសមរម្យ និងមិនឱ្យតម្លៃមេដាយរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលខ្សែការពាររបស់ក្រុមដំរីសឹកថៃ U-២២ រូបនេះបានយកតុក្កតាតំណាងស៊ីហ្គេម និងមេដាយប្រាក់របស់គេ គប់ទៅកាន់អ្នកគាំទ្រនៅកន្លែងអង្គុយទស្សនាក្នុងតំបន់A នាឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក កាលពីថ្ងៃទី១៦ឧសភា។ ពេលនេះ អ្នករើសបានមេដាយប្រាក់នោះ ត្រូវបានរកឃើញហើយ...។

ជុំវិញបញ្ហាខាងលើនេះ ធ្វើឱ្យមហាជនខ្មែរនៅក្នុងស្រុក និងក្រៅប្រទេស រិះគន់យ៉ាងចាស់ដៃមិនសំចៃមាត់ពេញបណ្តាញសង្គមហ្វេសប៊ុក។ បន្ថែមលើនេះ កីទ្បាករ ចូណាថាន ខាំឌី ក៏ទទួលរងនូវការស្ដីបន្ទោសជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃខ្លួនឯងផងដែរ លើសកម្មភាពគប់តុក្កតាស៊ីហ្គេម និងមេដាយប្រាក់ដែលរូបគេបានឈ្នះពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា ដោយប្រជាពលរដ្ឋថៃ ថាទង្វើរបស់ កីទ្បាករ ចូណាថាន ខាំឌី បានធ្វើឱ្យកិត្តិយសជនជាតិថៃអាប់ឱន ព្រោះមិនចេះគ្រប់គ្រងអារម្មណ៍ និងមើលងាយម្ចាស់ផ្ទះរៀបចំការប្រកួត។ ដោយឡែក ចំពោះមេដាយប្រាក់ដែល កីទ្បាករ ចូណាថាន ខាំឌី គប់ទៅអ្នបកគាំទ្រនោះ យោងតាមគណនី ហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ឆាយ សាត់ធីយ៉ា Chhay Sathya បានអះអាងថា មេដាយប្រាក់ដែលកីទ្បាករ ចូណាថាន ខាំឌី គប់ទៅកាន់អ្នកគាំទ្រនោះ គឺស្ថិតនៅលើដៃរបស់គេ។ 

យុវជន ឆាយ សាត់ធីយ៉ា Chhay Sathya ក៏បានបង្ហោះរូបថតរបស់គេ រួមទាំងកាន់មេដាយប្រាក់ថា៖ «មេដាយប្រាក់ Sea Game ដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះ នៅពេលនេះវាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ ព្រោះវាបានរំលេចនូវរូបអង្គរវត្ត និងរូបតំណាងជាតិផ្សេងៗ ទោះបីគេគប់ចោលមិនឱ្យតម្លៃមេដាយនេះក៏ដោយ ក៏ខ្ញុំមិនឱ្យវាធ្លាក់ដល់ដីបានដែរ ព្រោះមេដាយនេះតំណាងឱ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល»។ ក្រោយបញ្ចប់ការប្រកួត និងប្រគល់មេដាសទៅកាន់ក្រុមទាំង៣រួចរាល់ កីទ្បាករ ចូណាថានខាំឌី បានទៅយកតុក្កតាតំណាងស៊ីហ្គេម និងមេដាយប្រាក់ពីអ្នករៀបចំពិធីការ គប់ទៅកាន់អ្នកគាំទ្រនៅកន្លែងអង្គុយទស្សនាតំបន់A ដែលមើលទៅសកម្មភាពនេះហាក់បីដូចជាមិនគោរពដល់ម្ចាស់ផ្ទះរៀបចំការប្រកួតនោះឡើយ និងបានបង្ហាញអារម្មណ៍ពីការមិនពេញចិត្តនឹងលទ្ធផល និង​ការ​កាត់​សេចក្ដី​របស់​លោក​អាជ្ញា​កណ្តាលក្នុងការប្រកួតនោះ។ 

ទោះយ៉ាងណា កីទ្បាករ ចូណាថាន ខាំឌី ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram លើករណីនេះថា៖ «ខ្ញុំបានបោះមេដាយ​ប្រាក់ និង​តុក្កតា​មួយ​ដល់​អ្នក​គាំទ្រ ព្រោះ​ខ្ញុំ​ចង់​អរគុណដល់ពួកគេ ដែលមកគាំទ្រខ្ញុំ ដូច​កាល​ពី​ស៊ីហ្គេម​លើកមុនៗ។ ហើយ​ខ្ញុំ​គ្មាន​ចេតនា​មិន​គោរពការ​ប្រកួត ​​និង​មេដាយ​ដែល​ខ្ញុំ​បានទទួលនោះ​ទេ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រខ្ញុំកន្លងមក»។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិថៃ U-២២ ខកខានក្នុងការដណ្តើមមេដាយមាសជាលើកទី៣ ជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៧ មកម៉្លេះ បន្ទាប់ពីក្រុមមួយនេះ បរាជ័យក្នុងការប្រជែងយកមេដាយមាសជាមួយក្រុមឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៥-២ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

ប្រភព៖ រូបភាពពីគណនីផ្ទាស់របស់យុវជន Chhay Sathya

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត