មហាជនខ្មែរផ្ទុះការរិះគន់ពីឥរិយាបទកីទ្បាករ ខាំឌី របស់ថៃ ជុំវិញការបោះរង្វាន់មេដាយប្រាក់ទៅអ្នកគាំទ្រ
Serichopon Ye
17 ឧសភា 2023 05:15 AM

(ស៊ីហ្គេម)៖ ប្រពលរដ្ឋកម្ពុជា បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះឥរិយាបទ និងសកម្មភាពកីទ្បាករ ចូណាថាន ខាំឌី Jonathan Khemdee ជុំវិញទង្វើកីឡាករខ្សែការពារក្រុមដំរីសឹកថៃ រូបនេះ បានយកតុក្កតាតំណាងស៊ីហ្គេម និងមេដាយប្រាក់របស់គេ គប់ទៅកាន់អ្នកគាំទ្រនៅកន្លែងអង្គុយទស្សនា ក្នុងតំបន់A នាឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក...។

ក្រុមដឹរីសឹកថៃ ក្រោមការដឹកនាំរបស់ លោក អ៊ីសារ៉ា ស្រ៊ីតារ៉ូ Issara Sritaro ទទួលបានមេដាយប្រាក់ ក្រោយពីប្រកួតចាញ់ក្រុមឥណ្ឌូណេស៊ីនៅវគ្គបន្ថែមម៉ោង១៥នាទី២ដង ក្នុងលទ្ធផល ៥-២ នៃវិញ្ញសា បាល់ទាត់ផ្នែកបុរសអាយុក្រោម២២ឆ្នាំ ខណៈក្រុមឥណ្ឌូណេស៊ី ទទួលបានមេដាយមាស ក្រោយខកខានអស់រយៈពេល៣២ឆ្នាំ...។ ការប្រកួតដ៏តានតឹងនេះ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងផងដែរ ពីសំណាក់ក្រុមកីទ្បាករ គ្រូជំនួយ និងមន្ត្រីជាប់ពាក់ព័ន្ធរបស់ក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី រហូតធ្វើឱ្យលោកអាជ្ញាកណ្ដាលចាយកាតក្រហមទៅក្រុមទាំងសងផងដែរ។ កីទ្បាករ Jonathan Khemdee ដែលជាកីឡាករខ្សែការពាររបស់ក្រុមដំរីសឹកថៃ ក៏បានទទួលកាតក្រហមផងដែរ អំទ្បុងពេលប្រកួតនៅវគ្គម៉ោងបន្ថែម១៥នាទី ២ដង ក្រោយពីទទួលកាតលឿង២ដង ដោយបង្កកំហុសលើកីទ្បាកររបស់ឥណ្ឌូណេស៊ីជាច្រើនដង។ 

យ៉ាងណាក្ដី ក្រោយពីបញ្ចប់ការប្រកួត និងប្រគល់មេដាសទៅកាន់ក្រុមទាំង៣រួចរាល់ កីទ្បាករ Jonathan Khemdee បានទៅយកតុក្កតាតំណាងស៊ីហ្គេម និងមេដាយប្រាក់ពីអ្នករៀបចំពិធីការ គប់ទៅកាន់អ្នកគាំទ្រនៅកន្លែងអង្គុយទស្សនាតំបន់A ដែលមើលទៅសកម្មភាពនេះហាក់បីដូចជាមិនគោរពដល់ម្ចាស់ផ្ទះរៀបចំការប្រកួតនេះឡើយ និងបានបង្ហាញអារម្មណ៍ពីការមិនពេញចិត្តនឹងលទ្ធផល និង​ការ​កាត់​សេចក្ដី​របស់​លោក​អាជ្ញា​កណ្តាលក្នុងការប្រកួតនោះ។

សូមបញ្ជាក់ថា ជុំវិញការប៉ះទង្គិចគ្នារវាងក្រុមកីទ្បាករថៃ និងឥណ្ឌូណេស៊ី ពេលនេះសហព័ន្ធកីទ្បាបាល់ទាត់ថៃ បានបង្ហោះសារសូមទោសម្ចាស់ផ្ទះកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម លើកទី ៣២។ ទន្ទឹមនឹងនោះ សហព័ន្ធបាល់ទាត់ថៃ ថានឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយគ្មានការលើកលែងចំពោះបុគ្គលដែល​បាន​បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់ដល់ហេតុការណ៍នេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត