
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង អំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។

ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជា ដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ។ យ៉ាងណាមិញ រាជរដ្ឋាភិបាល បានសម្តែងនូវអំណរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលបានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានលទ្ធផលគួរជាទីមោទនៈបំផុតសម្រាប់ប្រជាជាតិកម្ពុជា។

សម្តេចតេជោបានថ្លែងអំណរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC CAMAPGOC) ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ក្រុមអ្នកស្ម័គ្រចិត្ត និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការ និងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២នេះឡើងឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិ។ សម្ដេចក៏បានថ្លែងអំណរគុណដល់អត្តពលិក នៃបន្ទុកប្រតិភូកីឡាកម្ពុជា ក្រុមការងារបច្ចេកទេសគ្រប់ផ្នែកគ្រប់ទីតាំង ដែលបានខិតខំប្រឹងប្រែងរួមចំណែកធ្វើឱ្យកម្ពុជា បំបែកនូវកំណត់ត្រារបស់ខ្លួន ក្នុងការទទួលបានមេដាយបានច្រើនបំផុតក្នុងប្រវត្តិនៃការចូលរួមប្រកួតកីឡាស៊ីហ្គេម។
ក្រោយចប់ព្រឹត្តិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាវីដេអូគ្រប់វិញ្ញាសានៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងសោមនស្សរីករាយក្រៃលែង។

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថាភាពអស្ចារ្យ និងជោគជ័យនៃដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្កើតនូវគំរូក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៃទំព័រព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ដែលជាសញ្ញាណនៃការឈានទៅរកការកែទម្រង់ និងធ្វើបច្ចុប្បន្នកម្មលើលក្ខខណ្ឌនានា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកក្រោយៗទៀត ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍរបស់សហគមន៍អាស៊ាន៕







