
(គុនខ្មែរ)៖ ដោយចង់ដឹងច្បាស់ពីស្ថានភាពរបួសជើង និងកែងដៃ លោក ស្រី ចាន់ថន បានឱ្យក្រុមការងារយកកីឡាករ ឈឿង ល្វៃ ទៅស្កែន និងពិនិត្យឱ្យបានច្បាស់ ក្រោយរងរបួសពេលប្រកួតជាមួយកីឡាករថៃ Sammy។ ជាងនេះផងដែរ ឈឿង ល្វៃ បានក្លាយជាកីឡាករកម្ពុជាទី២បន្ទាប់ពីកីឡាករ ធីអាហ្គោ ឬសែន ចន្ទឬទ្ធីគុន ចុះកុងត្រាជាមួយក្លឹបប្រដាល់គុនខ្មែរជើងឯកពិភពលោក ដែលទើបនឹងបង្កើត...។

លោកស្រី ចាន់ថន បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា លោកនឹងឱ្យក្រុមការងារ នាំយកកីឡាករ ឈឿង ល្វៃ ដែលកំពុងមានរបួសជើង និងកែងដៃទៅស្កេននឹងម៉ាស៊ីន ដើម្បីពិនិត្យឱ្យច្បាស់លាស់ ងាយស្រួលព្យាបាល ព្រោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ ខណៈកីឡាករ ឈឿង ល្វៃ ស្ថិតក្នុងការព្យាបាលនៅឡើយ ដែលអាចប៉ះពាល់ដល់ការហ្វឹកហាត់ប្រចាំថ្ងៃរបស់គេ។ ទន្ទឹមនឹងនោះ លោកស្រី ចាន់ថន ក្នុងនាមជាអនុប្រធានកិត្តិយសសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានធានារ៉ាប់រងលើការចំណាយព្យាបាល និងបានឧបត្ថម្ភថវិកា៤លានរៀលដល់ឈឿន ល្វៃផងដែរ។

សូមបញ្ជាក់ផងដែរថា ឈឿង ល្វៃ ជាកីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជា ដែលនឹងប្រកួតក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។ កីឡាប្រដាល់ប្រភេទឃីកបុកស៊ីងនេះ គឺប្រើកណ្តាប់ដៃម៉ាត់ និងជើងទាត់ជាចម្បង ដូច្នេះ បើជើងកីឡាករ ឈឿង ល្វៃ ជួបនូវបញ្ហា គេអាចនឹងបាត់ឱកាសដណ្តើមមេដាយមាសក្នុងទឹកដីរបស់ខ្លួនមិនខាន។ កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កីឡាករកម្ពុជារូបនេះ ទទួលបានមេដាយប្រាក់ បន្ទាប់ពីប្រកួតចាញ់កីឡាករថៃនៅវគ្គផ្តាច់ព្រ័ត្រ៕


