
(បាល់ទាត់)៖ ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថាកីទ្បាករ ម៉ាកុស រ៉ាហ្វដ Marcus Rashford នឹងខកខានពីរទៅបីប្រកួត ដោយសាររបួសសាច់ដុំ ខណៈដែលក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester ត្រូវប្រកួតជាមួយនឹងក្លឹប Sevilla នៅវគ្គ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ UEFA Europa League នាវេលាម៉ោង(កម្ពុជា) ២:០០ រំលងអាធា្រត្រឆ្លងចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីចុងសប្តាហ៍មុន កីទ្បាករ Marcus Rashford ដែលមានវ័យ ២៥ ឆ្នាំត្រូវបានលោក Erik ten Hag ប្ដូរចេញនៅពាក់កណ្ដាលតង់ទី២ ដោយសារមានបញ្ហារបួសត្រង់ក្រលៀន អំទ្បុងពេលការប្រកួតលីគរវាងក្លឹប Manchester United ដែលបានយកឈ្នះលើ Everton នៅឯកីទ្បដ្ឋាន Old Trafford ដោយបញ្ចប់លទ្ធផល ២-០។ ទោះយ៉ាងណាក្លឹប Manchester United មិនបានផ្តល់ពេលវេលាណាមួយច្បាស់លាស់នៅទ្បើយទេ សម្រាប់ការវិលត្រលប់របស់ Marcus Rashford ប៉ុន្តែក្លឹបបានអះអាងថាគេនឹងលេងម្ដងទៀតក្នុងការប្រកួតបន្ទាប់ក្នុងរដូវកាលនេះ។

ដូច្នេះការប្រកួត Europa League នៅវគ្គ ៨ក្រុមចុងក្រោយ រវាងក្លឹប Manchester United និង Sevilla កីទ្បាករ Marcus Rashford នឹងត្រូវខកខានការប្រកួត។ ប៉ុន្តែកីទ្បាករ Anthony Martial អាចនឹងមានវត្តមានក្នុងការប្រកួតនេះ បន្ទាប់ពីជាសះស្បើយរបួស ក្រោយបង្ហាញខ្លួនវិញក្នុងការប្រកួតលីគ កាលពីចុងសប្តាហ៍មុន ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ផងដែរ។
គួរបញ្ជាក់ថា Marcus Rashford បានក្លាយជាតួរអង្គដ៏សំខាន់របស់ក្រុម ដែលលេងនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Erik Ten Hag ដោយរកបានគ្រាប់បាល់រហូតដល់ ២៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៧ ប្រកួតគ្រប់កម្មវិធីទាំងអស់៕





