Marcus Rashford ប្រកាសដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ក្រោយរបួសញាំញី
Serichopon Ye
21 មីនា 2023 02:45 AM

(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីទ្បាករ Marcus Rashford បានសម្រេចចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសារតែរបួសញាំញី ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសនឹងមានភារកិច្ចប្រកួតជម្រុះ EURO ឆ្នាំ២០២៤ តទល់នឹងអ៊ីតាលី និងអ៊ុយក្រែន នាថ្ងៃទី២៤ និង២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

កីឡាករ Marcus Rashford ដែលមានវ័យ២៥ឆ្នាំ បានរងរបួស អំទ្បុងពេលប្រកួត FA Cup នៅវគ្គ៨ក្រុមចុងក្រោយ ខណៈដែលក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម Fulham នៅឯកីទ្បដ្ឋាន Old Trafford ដោយបញ្ចប់លទ្ធផល ៣-១ កាលពីចុងសប្តាហ៍មុន។ ក្រុម Manchester United ត្រូវប្រកួតជាមួយក្រុម Brighton នៅវគ្គ៤ក្រុមចុងក្រោយ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ បន្ថែមលើនេះ Marcus Rashford នឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះ EURO ឆ្នាំ២០២៤ ដែលក្រុមជម្រើសជាតិអង់គ្លេស ត្រូវប្រកួតជាមួយអ៊ីតាលី និងអ៊ុយក្រែន នាចុងសប្តាហ៍ខាងមុខនេះ។ កីទ្បាករ Marcus Rashford បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន៥១ប្រកួត និងស៊ុតបញ្ចូលទីបាន១៥គ្រាប់ ចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។

ដោយទ្បែក មិត្តរួមក្រុមរបស់កីឡាករ Marcus Rashford នៅឯក្លឹបបិសាចក្រហម Manchester United ចំនួន២នាក់ គឺខ្សែការពារ Harry Maguire និង Luke Shaw ក៏ត្រូវបានលោក Gareth Southgate ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស ​កោះហៅចូលក្រុមផងដែរ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការប្រកួតខាងលើនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត