អគ្គិជ័យកីឡា បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព
R
Rorn Phork
23 មីនា 2023 03:00 AM

(ក្រុងហាណូយ)៖ ដូចការគ្រោងទុក ប្រតិភូដឹកនាំអគ្គិជ័យកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នៅរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ប្រតិភូដំណើរ«អគ្គិជ័យកីឡា» ត្រូវទទួលស្វាគមន៍ដោយលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសវៀតណាម និងមន្ត្រីជាន់ខ្ពស់កីឡាវៀតណាមជាច្រើនរូបទៀត។ ក្នុងអំឡុងពេលទៅដល់វៀតណាម អគ្គិជ័យកីឡា ត្រូវបានគណៈប្រតិភូដង្ហែ ទៅតម្កល់ទុកនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរង់ចាំដង្ហែ និងរត់ភ្លើងគប់ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីនោះ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ តាមកម្មវិធីព្រឹកថ្ងៃទី២៤ ខែមីនា អគ្គិជ័យកីឡា ក៏ដូចជាគប់ភ្លើង នឹងត្រូវដង្ហែ និងរត់ចេញពីស្ថានទូតកម្ពុជា ជុំវិញបឹងអណ្តើក(Ho Goum) ចម្ងាយបីគីឡូម៉ែត្រ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីល្បីៗរបស់វៀតណាម ហើយត្រឡប់យកមករក្សាទុកនៅស្ថានទូតជាថ្មី ដើម្បីរង់ចាំចេញដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

សូមជម្រាបជូនថា ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅ ជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព” ។ ព្រះអគ្គិជ័យកីឡាមានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក ដែលកាលពីប្រមាណជាង២០០០ឆ្នាំមុនគ.ស រៀងរាល់ការប្រារព្វពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព៉្យា ប្រទេសក្រិចបុរាណ បានយកភ្លើងពីកម្តៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតមកដល់បច្ចុប្បន្ន...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត