កម្ពុជាបង្ហាញសាធារណជនជាតិ-អន្តរជាតិ ពីការប្រុងប្រៀបផ្តល់សន្តិសុខក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមខាងមុខ
K
Kimhuoy Klaing
19 មករា 2023 06:01 AM

រាជធានីភ្នំ​ពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ពិធីប្រកួត ស៊ីហ្គេមឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ 
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ 

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «ថ្ងៃនេះ..កម្ពុជាបានបង្ហាញជូនសាធារណជនជាតិ អន្តរជាតិបានជ្រាបពីការត្រៀមរៀបចំប្រុងប្រៀបគ្រប់ផ្នែកទាំងកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារគ្រប់ប្រភេទ សម្រាប់ផ្តល់សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ចូលរួមព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023»

យ៉ាងណាមិញ កីឡាចំនួន១៣ប្រភេទ រួមជាមួយកីឡាសម្ដែងមួយប្រភេទ ត្រូវបានអនុម័តរួចរាល់ហើយ សម្រាប់​​ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រួមមាន៖ កីឡាអត្តពលកម្មជនពិការ, កីឡាហែលទឹកជនពិការ, កីឡាវាយសីជនពិការ, កីឡាបាល់ទាត់ ៥ម្ខាង, កីឡាបាល់ទាត់ ៧ម្ខាង, កីឡាលើកទម្ងន់ជនពិការ, កីឡាបូស្យាជនពិការ, កីឡាវាយកូនឃ្លីលើតុជនពិការ, កីឡាយូដូជនពិការ, កីឡាបាល់បោះជិះរទេះជនពិការ, កីឡាបាល់បោះជនពិការភ្នែក, កីឡាបាល់ទះអង្គុយ និងកីឡាអុក។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមជាផ្លូវការណ៍ លើកទី៣២ និងពិធីបើកកម្មវិធីប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពក្នុងតំបន់។

គួររំលឹកផងដែរថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ ទើបមានឱកាសបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាដ៏ធំប្រចាំតំបន់មួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត