
ខេត្តកណ្តាល៖ បច្ចុប្បន្ន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល កំពុងតែពង្រឹងលើកិច្ចការផ្តល់បណ្ណបើកបរទូក ដោយធ្វើការបណ្តុះបណ្តាលអ្នកបើកទូកជាមុនសិន ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះមុនការប្រឡង។ នេះបើតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល លោក ម៉ឹង យូឡេង បញ្ជាក់ប្រាប់ SBM News តាមទូរសព្ទ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ការចាប់ផ្តើមពង្រឹងលើកិច្ចការផ្តល់បណ្ណបើកបរទូកនេះ ធ្វើឡើងក្រោយរដ្ឋបាលខេត្តកណ្តាលណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ទាំង៧ចំណុច ដែលក្នុងនោះមានមួយចំណុច តម្រូវឱ្យអ្នកបើកបរទូកចម្លងត្រូវមានបណ្ណបើកបរទូក។ លោក ម៉ឹង យូឡេង បានលើកឡើងថា៖ «ភាគច្រើនចាស់ៗពីមុនមកមានបណ្ណបើកបរ លុះក្រោយមកពួកគាត់ច្រើនបណ្ដោយឱ្យក្មេងៗដែលអត់បណ្ណបើកបរហ្នឹងមកលួចបន្តបើកបរជំនួសចាស់ៗ ដែលគាត់បានឈប់ទៅហើយគាត់មិនបានជូនដំណឹងយើង»។
ពាក់ព័ន្ធនឹងការបង់ប្រាក់ប្រឡងយកបណ្ណបើកបរទូក មន្ទីរសាធារណការ ថានៅរង់ចាំការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងពិនិត្យឡើងវិញលើការប្រកាសអន្តរក្រសួង ថាតម្រូវឱ្យបង់ប្រាក់ចំពោះការប្រឡង ឬប្រឡងដោយឥតគិតថ្លៃ។ យ៉ាងណាក្ដី មន្ទីរក៏កំពុងតែប្រជុំគ្នា ដើម្បីរកមធ្យោបាយដោះស្រាយធ្វើយ៉ាងណាឱ្យសេវាសាធារណៈដែលរដ្ឋផ្តល់ឱ្យ បានបម្រើដល់ប្រជាពលរដ្ឋដោយពេញលេញ។

រដ្ឋបាលខេត្តកណ្តាល បានសង្កត់ធ្ងន់ថា ចំពោះអាជីវកម្មកំពង់ចម្លង ដែលកំពុងប្រើប្រាស់ទូកឱប ត្រូវតែធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេសទូកចម្លងក្នុងរយៈពេល៣០ថ្ងៃ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលខេត្តកណ្តាលនឹងមិនអនុញ្ញាតឱ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។
ទន្ទឹមនឹងនេះ ប្រធានមន្ទីរសាធារណការរូបនេះ បានមានប្រសាសន៍ថា៖ «យើងកំពុងតែឌីហ្សាញកប៉ាល់ហ្នឹង ដើម្បីឱ្យគាត់យកគំរូទៅកម្មង់ទិញ ឬក៏ធ្វើការកែសម្រួលទូករបស់គាត់ហ្នឹងទៅតាមលក្ខណៈបច្ចេកទេស ដែលសុវត្ថិភាពក្នុងការដឹកជញ្ជូន។ យើងកំពុងតែរកគំរូថាតើដចម្លងណាដែលវាមានតម្លៃថោកសមរម្យ ហើយធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរបាន។ យើងកំពុងស្រាវជ្រាវជូនគាត់ និងចង្អុលបង្ហាញដើម្បីឱ្យគាត់ទំនាក់ទំនងខ្លួនឯង យើងគ្រាន់តែជាអ្នកសម្របសម្រួលជូន»។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុលិចទូក-ដចម្លង១គ្រឿង នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បង្កឱ្យបាត់បង់អាយុជីវិតសិស្សសាលាចំនួន១២នាក់ ក្នុងឧបទ្ទវហេតុនោះ បណ្តាលមកពីទូក-ដចម្លងនោះពុំបានអនុវត្តតាមគោលការណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវ។
ស្របជាមួយគ្នានេះ លោក ម៉ឹង យូឡេង ក៏បានអំពាវនាវថា៖ «ម្ចាស់អាជីវកម្មដែលទទួលបាននូវលិខិតអនុញ្ញាតប្រកបអាជីវកម្មចម្លងទូកដត្រូវបង្កើនការប្រុងប្រយ័ត្ន មានពោងសុវត្ថិភាព មានអ្នកជំនាញបើកបរឱ្យបានត្រឹមត្រូវ កុំធ្វេសប្រហែសឱ្យសោះ ព្រោះតែធ្វេសប្រហែស គឺវាអាចកើតហានិភ័យដល់អាយុជីវិតដែលនឹកស្មានមិនដល់ ហើយកើតមហន្តរាយចំពោះមុខរបរ ក៏អាចបាត់បង់អាយុជីវិតបងប្អូនឆ្លងទូកដយើងដែរ»៕



