
(រាជធានីភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ កំពុងសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប...។

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនបរទេសចំនួន៤ កំពុងសិក្សាលើការសាងសង់ផ្លូវល្បឿនលឿននេះ និងមានជំនឿចិត្តថា នឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប ក៏ដូចជាបង្កើនចំនួនអ្នកទេសចរទៅកាន់ខេត្តតំបន់ប្រាសាទបុរាណរបស់កម្ពុជាមួយនេះផងដែរ។ សូមរម្លឹកថា បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលកំពុងដាក់ដំណើរការ ដោយមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ វិនិយោគដោយក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាម៉េរិក ខណៈផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ១៦៣៨លានដុល្លារអាម៉េរិកផងដែរ។

ជាងនេះផងដែរ កាលពីពេលថ្មីៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ធ្លាប់បានបង្ហាញការប្តេជ្ញាចិត្ត នឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម ខណៈមិនយូរទេកម្ពុជា នឹងមានគម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដែលនឹងក្លាយជាផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅខេត្តសៀមរាប នេះ ជាផ្លូវដែលចំណាយពេលវេលាតិចជាងមុន ខណៈផ្លូវល្បឿនលឿននេះ ក៏នឹងជួយសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀតផងដែរ...៕





