
រាជធានីភ្នំពេញ៖ បន្ទាប់ពីឃើញសំណូមពរពលរដ្ឋ និងមានការខំមិនចូលទៅផេកហ្វេសប៊ុក ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថាមានទីតាំងខារ៉ាអូខេមួយកន្លែង យីហោ៦៦៦ មានបង្កប់អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនដ៏ធំនៅទីនោះ។ ភ្លាមៗបានបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌចំការមន ចុះទៅត្រួតពិនិត្យទាំងយប់...។

បន្ទាប់ពីទទួលបានដំណឹងខាងលើ ភ្លាមៗកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេនោះ តែពុំឃើញមានអ្វីដូចដែលការខំមិនចូលនោះឡើយ។ ជាក់ស្ដែងនៅវេលាម៉ោង១០ៈ៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំផ្ទាល់ ដោយ លោកកៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេយីហោ ៦៦៦ ដោយផ្ទាល់ ដែលស្ថិតនៅទីតាំងដីឡូលេខ២២ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប៉ុន្តែពេលចុះទៅដល់អាជ្ញាធរសមត្ថកិច្ច ពុំឃើញមានអ្វីគួរឱ្យគត់សម្គាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងចែកចាយសារធាតុញៀននោះទេ។ មួយវិញទៀត ចំពោះទីតាំងខាងលើបានផ្អាក និងមិនដំណើរការអស់រយៈពេល០៣ខែមកហើយ...៕ រាយការណ៍ដោយ៖ ផៃ ផានិត






