
រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ជំរុញប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ចូលរួមអភិរក្សនិងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ដោយឈប់ហូបសាច់សត្វព្រៃ និងទិញផលិតផលសត្វព្រៃផ្សេងទៀត។

នៅចំពោះមុខភាគីពាក់ព័ន្ធនានារួមនឹងនិស្សិតប្រមាណ ១០០នាក់ ក្នុងឱកាសនៃការបើកយុទ្ធនាការផ្លាស់ប្ដូរឥរិយាបថសង្គមលើកទីពីរ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ដែលប្រារព្ធនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងដូច្នេះថា៖ «សូមកុំជឿថាសាច់សត្វព្រៃ សំណាកសត្វព្រៃជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ តែនឹងធ្វើឱ្យសុខភាពរបស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត ដោយសារតែសាច់សត្វព្រៃនិងសំណាកសត្វព្រៃគ្មានការពិនិត្យសុខភាព និងការបញ្ជាក់ច្បាស់លាស់ឡើយ ក្រៅពីការជឿតៗគ្នា»។

ក្រសួងបរិស្ថាន និងស្ថាប័ន-អង្គការដៃគូ ក៏បានសហការគ្នាផ្តល់ជម្រើសជីវភាពរស់នៅរបស់សហគមន៍ មានដូចជាគំនិតផ្ដួចផ្តើមផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងអេកូទេសចរណ៍ ដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់ ការពារធម្មជាតិ ដែលធ្លាប់តែពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនិងការបរបាញ់តាមបែបប្រពៃណី ដើម្បីបានសាច់មកហូប និងសម្រាប់លក់។ កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីការពារសុខភាពសាធារណៈពីហានិភ័យជំងឺរាតត្បាតពីការហូបសាច់សត្វព្រៃ ហើយកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានរំពឹងថានឹងប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ ឱ្យឈប់ទិញនិងហូបសាច់សត្វព្រៃផងដែរ។ នេះបើតាមឯកឧត្តម នេត្រ ភក្ត្រា។

លោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាពទីភ្នាក់ងារជំនួយអាម៉េរិក USAID ចាត់ទុកសត្វព្រៃគឺជាផ្នែកមួយដ៏សំខាន់នៃមរតកជាតិរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។ លោក សង្ឃឹមថា ការបង្កើនការយល់ដឹងអំពីសារសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ក្នុងការការពារសត្វព្រៃ។

សូមជម្រាបថា «យុទ្ធនាការការពារសត្វព្រៃយើង៖ ការកាត់បន្ថយ ការដាក់អន្ទាក់ ការទិញ/លក់ និងការហូបសាច់សត្វព្រៃ» ជាយុទ្ធនាការផ្លាស់ប្ដូរឥរិយាបថសង្គមលើកទីពីរ បន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តនានានៅកម្ពុជារួមមានខេត្តស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ដែលស្ថិតក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តភាគខាងកើតទន្លេមេគង្គ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ យុទ្ធនាការនេះ ដឹកនាំដោយក្រសួងបរិស្ថាន ក្នុងគោលបំណងសំខាន់កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ ដោយសារការហូបសាច់សត្វព្រៃ មិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជំរុញឱ្យមានការប្រមាញ់សត្វព្រៃផងដែរ៕







