
(រាជធានីភ្នំពេញ)៖ ទោះបីការទស្សទាយរបស់លោក ខឹម វាសនា ពី«ជំនន់ទឹកលិចផែនដី» មិនមែនជាការពិត ក៏នៅមានសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាច្រើនពាន់នាក់ បន្តជឿលង់ជាមួយប្រមុខដឹកនាំរបស់ខ្លួនថានឹងកើតមាននាពេលខាងមុខឆាប់ៗនេះ។ ខណៈដែល លោក ខឹម វាសនា ដែលអះអាងខ្លួនឯងជា [ព្រហ្មរក្សាលោក] នៅតែបង្ហាញសុទិដ្ឋិនិយមពីទំនាយរបស់លោក ថាជាការពិត និងបានយកបាតុភូតគ្រោះធម្មជាតិ ដែលកំពុងកើតមានពីជុំវិញពិភពលោកមកធ្វើជាអំណះអំណាង ធ្វើឱ្យមហាជនសម្តែងការហួសចិត្ត…។

រយៈពេល២-៣ថ្ងៃមកនេះ លោក ខឹម វាសនា ប្រមុខដឹកនាំចលនា LDP បានបង្ហោះសារនៅលើផេកផ្លូវការរបស់លោក បង្ហាញពីគ្រោះធម្មជាតិនានា ដែលកើតឡើងជុំវិញពិភព ដើម្បីជាសក្ខីកម្មនៃការទស្សទាយ រឿងទឹកលិចផែនដីរបស់លោក ថាគឺជា[ការពិត]។ ទន្ទឹមនឹងនោះ លោកខឹម វាសនា បានលើកជាឧទាហរណ៍ ឆ្លើយតបទៅអ្នកដែលបានចោទប្រកាន់លោកថា បានភូតភរកុហកសកម្មជនរបស់ខ្លួនដោយការបោកប្រាស់ ខណៈដែលរដូវវស្សា មានភ្លៀងធ្លាក់ជារឿងធម្មតា ហើយគ្រោះទឹកជំនន់ដែលកើតចេញពីការធ្លាក់ភ្លៀងខ្លាំង ក៏តែងកើតមានជាប្រក្រតី គ្មានអ្វីត្រូវប្លែកនោះទេ។

ជាការឆ្លើយតបផង និងចោទជាសំណួរត្រឡប់វិញផង លោក ខឹម វាសនា បានសួរថា «តើគ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ រលាយទឹកកកនៅតំបន់ប៉ូល វាត្រូវតែកើតឡើងនៅរដូវវស្សាដែរអ៊ីចឹង? ឬគ្រោះទាំងអស់នេះ វាចាំដល់រដូវវស្សាទើបកើតឡើងបានដូចទឹកជំនន់ និងគ្រោះខ្យល់ព្យុះ..អ៊ីចឹងដែរ? ហេតុផលបែបៗហ្នឹងហើយ ដែលវិញ្ញាណប្រើទ្វារមនោត្រូវគិតឱ្យយល់ហេតុផលថា ដូចជាមានហេតុភេទអីមិនស្រួលកំពុងតែកើតមានចំពោះពិភពលោកហើយទេដឹង?» នេះជាសំណេររបស់លោក ខឹម វាសនា ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ទោះយ៉ាងណា លោកបណ្ឌិត មាស នី និងលោក មេធាវី សុខ សំអឿន ធ្លាប់បានពន្យល់ម្ដងរួចមកហើយអំពីការទស្សទាយ ឬការតាំងខ្លួនរបស់លោក ខឹម វាសនា ថា ជាព្រហ្មរក្សាលោកនោះ គឺជារឿងមួយដែលមិនអាចនឹងកើតឡើងឡើយ ឬប្រៀបបានជាការស្រមើស្រមៃលើសពីមនុស្សធម្មតា ដែលមហាជនយល់ថា ជាការបែកឆ្វេង ខណៈដែលប្រមុខដឹកនាំចលនាLDP ព្យាយាមសិក្សាព្រះធម៌ខុសពីក្បួនខ្នាតនៃមេរៀនព្រះពុទ្ធព្រះបរមគ្រូនៃយើង។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋធ្វើការពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តជឿអ្វីមួយ ព្រោះការជឿលង់ដោយខ្វះការត្រេះរិះពិចារណា វានឹងនាំយើងធ្លាក់ទៅក្នុងភយន្តរាយដែលពិបាកនឹងស្មានដល់..។

មហាជនមួយចំនួន បានសម្តែងការហួសចិត្តចំពោះការលើកឡើងរបស់ប្រមុខដឹកនាំរូបនេះ ដែលព្យាយាមបោកបញ្ឆោតសកម្មជនរបស់ខ្លួន ដោយការយកទំនាយទឹកលិចផែនដីមកបំភ័យ ខណៈដែលការប្រែប្រួលអាកាសធាតុ គឺបណ្តាលមកពីកត្តាប្រែប្រួលអាកាសធាតុ ភាពសឹករិចរឹលនៃស្រទាប់ការពារផែនដី (ស្រទាប់អូហ្សូន) និងកត្តាមនុស្ស ដែលនាំគ្នាបំផ្លាញបរិស្ថានសកល ដូចជា ការកាប់បំផ្លាញព្រៃឈើ ការបូមយកឧស្ម័នពីក្នុងដី ការបំភាយល្បាយនៃសារធាតុបំពុលផ្សេងៗទៅក្នុងបរិយាកាស កំណើននៃការប្រើឧស្ម័នផ្ទះកញ្ចក់ និងភ្លើងឆេះព្រៃ។ល។ បានបង្កឱ្យមានកម្តៅផែនដីកើនឡើងរហូតធ្វើឱ្យទឹកកកនៅតំបន់ប៉ូល មានការរលាយ បន្ទុះភ្នំភ្លើង គ្រោះរញ្ជួយដី និងមានទឹកជំនន់កើតឡើងនៅតាមបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ី ដែលរួមមាន៖ ប៉ាគីស្ថាន ហ្វីលីពីន ថៃ វៀតណាម កូរ៉េខាងត្បូង ជប៉ុន និងផ្នែកខ្លះនៃប្រទេសកម្ពុជា ដែលកំពុងរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ប៉ុន្តែ មិនឈានដល់ការលិចលង់ស្លាប់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយនៅសល់តែដីស្ថិតនៅតំបន់ព្រហ្មនោះទេ។ ចំណែកប្រទេសចិន និងតៃវ៉ាន់ បែរជាមានគ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី និងមានតំបន់មួយចំនួននៅប៉ែកអឺរ៉ុប បានរងគ្រោះដោយភាពរាំងស្ងួត ក៏បណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះដែរ។ ដូច្នេះ បាតុភូតនៃគ្រោះធម្មជាតិទាំងនោះ មិនឈានទៅដល់ការវិនាសកម្ម នៃផែនដី ដូចការលើកឡើងរបស់ប្រមុខដឹកនាំចលនា LDP ដែលកំពុងតាំងខ្លួនជាព្រះព្រហ្មរក្សាលោក នោះឡើយ...៕
សូមទស្សនាវីដេអូព័ត៌មាន៖





