បាតុភូតចម្លែកៗកំពុងកើតឡើងនៅបណ្តាប្រទេសមួយចំនួន តើអាចជាគ្រោះមហន្តរាយដូចសម្តីលោក ខឹម វាសនាដែរ ឬទេ?
អាន ប៊ុនរ័ត្ននៈ
29 សីហា 2022 12:00 PM

(អត្ថបទ៖ អាន ប៊ុនរ័ត្ននៈ+កង ម៉េងហុង)៖ នៅមួយរយៈចុងក្រោយនេះ បញ្ហាបម្រែបម្រួលអាកាសធាតុនៅតាមបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក ហាក់មានការប្រែប្រួលខ្លាំង។ ជាក់ស្តែង ភាពរាំងស្ងួតនៅប្រទេសចិន និងប្រទេសក្នុងតំបន់អឺរ៉ុប ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសប៉ាគីស្ថាន កូរ៉េខាងត្បូង ហ្វីលីពីន ខណៈប្រទេសថៃ បានលេចចេញនូវបាតុភូតចម្លែកៗ កាលពីព្រឹកថ្ងៃចន្ទទី២៩ ខែសីហានេះ នាំឱ្យមានការដេញដោលពេញបណ្តាញសង្គម និងចោទជាសំណួរថា តើបាតុភូតចម្លែកៗ ដែលកំពុងកើតឡើងនេះ អាចជាគ្រោះមហន្តរាយដូចសម្តីលោក ខឹម វាសនាដែរ ឬយ៉ាងណា…?

ទឹកជំនន់នៅប្រទេសប៉ាគីស្ថាន
ទឹកជំនន់នៅប្រទេសប៉ាគីស្ថាន

សូមរំលឹកថា កាលពីថ្ងៃសុក្រទី២៦សីហា ប្រទេសប៉ាគីស្ថាន ត្រូវបានគេរាយការណ៍ថា ជំនន់ទឹកភ្លៀងកំពុងវាយប្រហារផ្នែកខ្លះនៃប្រទេសនេះ បណ្តាលឱ្យមនុស្សជាង៣៣លាននាក់ប្រឈមនឹងគ្រោះថ្នាក់ ខណៈលំនៅដ្ឋានប្រជាពលរដ្ឋជិត១លានខ្នងត្រូវបានបំផ្លាញ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានោះ រដ្ឋាភិបាលប្រទេសប៉ាគីស្ថាន បានប្រកាសភាពអាសន្ននៃគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ពីខ្យល់មូសសុង។ ចំណែកនៅប្រទេសកូរ៉េខាងត្បូងឯណោះវិញ ទឹកជំនន់បានបង្កការជន់លិចតំបន់មួយចំនួន ដែលធ្វើឱ្យអគារស្នាក់នៅ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈមានសេចក្តីរាយការណ៍ថា មនុស្សរាប់សិបនាក់បានស្លាប់ក្នុងហេតុការណ៍ទឹកជំនន់ដ៏អាក្រក់នោះ។

ព្យុះពពកខ្មៅងងិតដ៏សម្បើមនៅប្រទេសថៃ
ព្យុះពពកខ្មៅងងិតដ៏សម្បើមនៅប្រទេសថៃ

បន្ថែមលើនេះ ប្រទេសក្នុងតំបន់អាស៊ានមួយ គឺហ្វីលីពីន ក៏បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរផងដែរ ស្របពេលដែលប្រទេសមួយនេះនៅមិនទាន់ធូស្បើយនៃជំងឺកូវីដ-១៩នៅឡើយ។ ងាកទៅប្រទេសថៃ ដែលជាប្រទេសក្បែរខាងកម្ពុជាឯណេះវិញ កំពុងមានបាតុភូតចម្លែកៗ កាលពីព្រឹកថ្ងៃចន្ទទី២៩សីហានេះ ដោយនៅក្នុងតំបន់មួយចំនួន មានពពកចាប់ផ្តើមខ្មៅខ្មួលខ្មាញ់ខុសពីធម្មតា បាតុភូតចម្លែកនេះ ជារឿងកម្របំផុត ដែលមិនធ្លាប់កើតមាននៅប្រទេសថៃឡើយ។ ទន្ទឹមនឹងនោះ តំបន់មួយចំនួនបានរងគ្រោះដោយទឹកភ្លៀង នឹងទឹកជំនន់ជាខ្លាំង ខណៈរាជរដ្ឋាភិបាលថៃ បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអាសន្នណាមួយ ដែលអាចនឹងកើតមានឡើង។

ទឹកជំនន់នៅប្រទេសកូរ៉េខាងត្បូង
ទឹកជំនន់នៅប្រទេសកូរ៉េខាងត្បូង

ចំណែកនៅប្រទេសចិន និងតំបន់មួយចំនួនក្នុងប្រទេសនៅប៉ែកអឺរ៉ុបឯណោះវិញ បែរជាប្រឈមទៅនឹងគ្រោះរាំងស្ងួតទៅវិញ។ ប្រទេសចិន ប្រឈមនឹងគ្រោះរាំងស្ងួតអស់រយៈពេលជាង៧០ថ្ងៃ។ កម្តៅដ៏ខ្លាំង បានវាយប្រហារលើប្រជាជន រោងចក្រ និងវាលស្រែរបស់ប្រទេសចិន។ បឹង និងទន្លេ បានរីងហួតស្ងួតទឹកអស់បង្កឱ្យផលដំណាំរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ពោលគឺដីធ្វើកសិកម្មជាច្រើនត្រូវបានហួតហែង ឯដំណាំក៏បានក្រៀមស្វិតងាប់គ្មានសល់។ រោងចក្រជាច្រើនត្រូវបានបិទទ្វារ ឯប្រជាជនជាង ៩០០លាននាក់ នៅទូទាំងខេត្តចំនួន១៧ របស់ប្រទេសចិន ត្រូវបានទទួលរងនូវផលប៉ះពាល់ដោយសារការកើនឡើងកម្តៅនេះ។ ចាប់ពីខេត្តស៊ីឈួន ភាគនិរតី ដល់ទីក្រុងសៀងហៃ ភាគខាងកើត សីតុណ្ហភាពបានឡើងដល់ ៤០ អង្សាសេ។

គ្រោះរាំងស្ងួតនៅប្រទេសចិន
គ្រោះរាំងស្ងួតនៅប្រទេសចិន

ជាមួយគ្នានោះ ពីរភាគបីនៃទ្វីបអឺរ៉ុប ក៏កំពុងប្រឈមនឹងគ្រោះរាំងស្ងួតយ៉ាងខ្លាំង ដែលជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ។ របាយការណ៍ចុងក្រោយបង្អស់ពីប្រព័ន្ធតាមដាន និងព្យាករណ៍គ្រោះរាំងស្ងួត Global Drought Observatory បានបង្ហាញថា ៤៧ភាគរយនៃទ្វីបអឺរ៉ុប ស្ថិតក្នុងកម្រិតប្រកាសអាសន្ន ដែលមានន័យថា ដីបានរីងស្ងួតហួតហែង។ របាយការណ៍ដដែល បានព្រមានថា គ្រោះរាំងស្ងួតនឹងប៉ះពាល់ដល់ទិន្នផលដំណាំ បង្កជាភ្លើងឆេះព្រៃ និងអាចអូសបន្លាយជាច្រើនខែទៀត ក្នុងតំបន់មួយចំនួនរបស់ទ្វីបអឺរ៉ុប។

គ្រោះរាំងស្ងួតនៅទ្វីបអឺរ៉ុប
គ្រោះរាំងស្ងួតនៅទ្វីបអឺរ៉ុប

ដោយឡែក នៅប្រទេសកម្ពុជាឯណេះវិញ ក៏មានការភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីប្រមុខដឹកនាំគណបក្សមួយ បានអំពាវនាវឱ្យសកម្មជនរបស់ខ្លួន និងប្រជាពលរដ្ឋ ឱ្យនាំគ្នាចាក់ចេញពីលំនៅដ្ឋានមករស់នៅលើដីចម្ការរបស់ខ្លួន និងបានអះអាងថា «នឹងមានទឹកជំនន់លិចផែនដី» ស្របពេលដែលលេចចេញបាតុភូតចម្លែកៗ ពីតាមបណ្តាប្រទេសមួយចំនួនខាងលើនេះ បង្កឱ្យមនុស្សជាង២ម៉ឺននាក់ បាននាំគ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាបគេចចេញពីការជន់ស្លាប់ដោយទឹកជំនន់។ ភ្លាមៗនោះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានចេញអន្តរាគមន៍ណែនាំឱ្យពលរដ្ឋកុំជឿលើការញ៉ោះញ៉ុង ដែលគ្មានមូលដ្ឋានវិទ្យាស្ត្រច្បាស់លាស់ និងបានណែនាំឱ្យប្រមុខដឹកនាំគណបក្សមួយនោះ បញ្ឈប់សកម្មភាពញ៉ោះញុងទាំងអស់នោះវិញ។

ប្រជាពលរដ្ឋខ្មែរ ផ្អើលនាំគ្នាទៅបោះតង់នៅដីលោកខឹម វាសនា
ប្រជាពលរដ្ឋខ្មែរ ផ្អើលនាំគ្នាទៅបោះតង់នៅដីលោកខឹម វាសនា

បន្ថែមលើនេះ មន្ត្រីជំនាញខាងផ្នែកស្រាវជ្រាវនៃការបម្រែបម្រួលអាកាសធាតុសកល បានបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសកល គឺបណ្តាមកពីកត្តាផ្សេងៗនៃសកម្មភាពមនុស្ស ការកាប់បំផ្លាញ់របាំងការពារធម្មជាតិ ដូចជាព្រៃឈើ និងការសឹករិចរិលនៃស្រទាប់អូហ្សូន រួមនឹងកត្តាប៉ះពាល់បរិស្ថានសកលផ្សេងៗមួយចំនួន ប៉ុន្តែយ៉ាងណាផែនដីនេះ មិនទាន់ឈានដល់គ្រោះមហន្តរាយនៃការជន់លិចទូទាំងពិភពលោក ដែលអាចនឹងបង្កឱ្យមនុស្សជាតិស្លាប់អស់នោះឡើយ។ ចំពោះ បាតុភូតចម្លែកៗ និងគ្រោះមហន្តរាយកើតចេញពីគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់នៅតាមបណ្តាប្រទេសមួយចំនួន មិនមែនកើតឡើងតាមសម្តីលោក ខឹម វាសនានោះទេ ហើយសម្តីទាំងនោះ គ្រាន់តែជាជំនឿអរូបិយ ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំជឿលើការញ៉ោះញ៉ុង ដោយគ្មានការគិតគូរឱ្យបានច្បាស់លាស់។ ហើយផែនដីនេះ ក៏មិនអាចលិចលង់ស្លាប់មនុស្សអស់ទូទាំងសកលលោក ហើយនៅរស់តែក្នុងតំបន់ដីចម្ការលោក ខឹម វាសនានោះដែរ...៕

សូមទស្សនាវីដេអូព័ត៌មាន៖

ប្រជាពលរដ្ឋខ្មែរ ផ្អើលនាំគ្នាទៅបោះតង់នៅដីលោកខឹម វាសនា
ប្រជាពលរដ្ឋខ្មែរ ផ្អើលនាំគ្នាទៅបោះតង់នៅដីលោកខឹម វាសនា
ប្រជាពលរដ្ឋខ្មែរ ផ្អើលនាំគ្នាទៅបោះតង់នៅដីលោកខឹម វាសនា
ប្រជាពលរដ្ឋខ្មែរ ផ្អើលនាំគ្នាទៅបោះតង់នៅដីលោកខឹម វាសនា
ទឹកជំនន់នៅហ្វីលីពីន
ទឹកជំនន់នៅហ្វីលីពីន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត