
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២នេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រចាំខេត្តសៀមរាប បានបញ្ជាក់ពីជំហររបស់ខ្លួន ថានឹងមិនរំសាយការជួបជុំសមាជិកគណបក្សរហូតដល់ដំណាច់ខែកញ្ញាខាងមុខ និងចាត់ទុកការជួបជុំរបស់សមាជិកគណបក្ស ថាជាការជួបជុំស្របច្បាប់។ ទោះយ៉ាងណា អាជ្ញាធរខេត្តសៀមរាប បានដាក់ឱសានវាទជូនប្រមុខដឹកនាំគណបក្ស LDP ឱ្យបញ្ឈប់ការប្រមូលផ្តុំប្រជាពលរដ្ឋ និងរំសាយការជួបជុំឱ្យអស់ត្រឹមម៉ោង២៤ៈ០០នាទីយប់នេះជាកំហិត…។

ក្នុងសារលិខិត ដែលចេញដោយអ្នកស្រី អ៊ន ស្រីម៉ិច ប្រធានសាខាគណបក្សLDP ខេត្តសៀមរាប បានបញ្ជាក់ទៅកាន់ឯកឧត្តមអភិបាលខេត្តសៀមរាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះការជួបជុំនេះ គណបក្សបានសហការយ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង ដើម្បីជ្រាបជាដំណឹង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងបានអនុញ្ញាតឱ្យសមត្ថកិច្ច អាចចេញ-ចូល ដើម្បីត្រួតពិនិត្យក្នុងបរិវេណទីតាំងជួបជុំរាល់ពេលវេលា។

សម្រាប់ការជួបជុំនេះ គណបក្សបានរៀបចំរក្សាសណ្តាប់ធ្នាប់ យ៉ាងមានរបៀបរៀបរយ ហើយរក្សាអនាម័យបានល្អ និងបានអនុវត្តតាមវិធានការចុងក្រោយរបស់ក្រសួងសុខាភិបាល អំពីការការពារពីការឆ្លងជំងឺកូវីដ-១៩។ ចំពោះសំណង់នានា ក្នុងបរិវេណចម្ការដែលជាកម្មសិទ្ធិស្របច្បាប់ គ្រាន់តែជាសំណង់ស្រាល សម្រាប់សម្រាកក្នុងរយៈពេលខ្លី ពុំមែនជាសំណង់រឹងមាំឡើយ ហើយរយៈពេល នៃការជួបជុំរបស់គណបក្សក្នុងបរិវេណចម្ការនេះ បានបញ្ជាក់ច្បាស់លាស់ ក្នុងលិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង រួចរាល់ហើយ គឺនឹងបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយស្របច្បាប់ មានប្រកាសទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ដូច្នេះ ការជួបជុំសមាជិករបស់គណបក្សដែលបានធ្វើមកនេះ ពុំមានអ្វីដែលផ្ទុយនឹងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាឡើយ ។

ដោយឡែក កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានផ្ញើលិខិតទៅលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រាប់ឱ្យសមាជិកគាំទ្របក្សរបស់ខ្លួនជិត២ម៉ឺននាក់ ចាកចេញពីដីចម្ការរបស់លោក ដែលស្ថិតនៅក្បែរជើងភ្នំគូលែន ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ជាកំហិត ចាប់ពីថ្ងៃទី៣០ ខែសីហា វេលាម៉ោង២៤ៈ០០នាទីយប់នេះ។ ក្នុងករណីដែលលោក ខឹម វាសនា មិនរំសាយការជួបជុំ អាជ្ញាធរនឹងមានវិធានការច្បាប់ដល់លោក ខឹម វាសនា។ ការបញ្ជាក់នេះ បន្ទាប់ពីមានការជួបជុំមួយ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ រវាង ឯកឧត្តម ទៀ សីហា និងឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានចុះទៅពិនិត្យផ្ទាល់ ម្ដងរួចមកហើយ និងបានបញ្ជាឱ្យលោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំ និងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋជាបន្ទាន់ ប៉ុន្តែក្នុងជំនួបនោះ លោក ខឹម វាសនា បានបដិសេធ និងបានស្នើសុំពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

ជាមួយនឹងការបញ្ជាក់ជំហរមិនរំសាយការជួបជុំនេះ ឯកឧត្តមអភិបាលខេត្ត ទៀ សីហា បានបង្ហោះសារឆ្លើយតបភ្លាមៗជាថ្មីម្ដងទៀត នៅលើបណ្តាញសង្គមហ្វេសប៊ុកថា « ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំមនុស្ស របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ យើងនឹងអនុវត្តតាមនីតិវិធី ដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្ត ដោយទុកឱសានវាទត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤:០០នាទីយប់។ សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថានឹងមានការពន្យារពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឱ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។» នេះជាការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តសៀមរាប។

ជាមួយគ្នានោះ លោកអភិបាលបាលស្រុកបន្ទាយស្រី ឃីម ហ្វីណង់ បានបង្ហោះសារឆ្លើយតបចំពោះ ការលើកឡើងរបស់អ្នកស្រី អ៊ន ស្រីម៉ិច ប្រធានសាខាគណបក្ស LDP ខេត្តសៀមរាប ថារដ្ឋបាលបាលឃុំត្បែង ចេញលិខិតឆ្លើយតបចំពោះសេចក្តីជូនដំណឹង អំពីកម្មវិធីជួបជុំសមាជិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបដិសេធមិនអនុញ្ញាតឱ្យមានការរៀបចំ ដោយសំអាងនៅលើមូលដ្ឋានច្បាប់មួយចំនួនដូចខាងក្រោម៖ ទី១- លិខិតជូនដំណឹងនេះកើតឡើងនៅក្រោយមានការជួបជុំប្រាព្ធពិធី។ ទី២- ទីកន្លែងជួបជុំ និងស្នាក់នៅមានសភាពមិនសមស្រប មានមនុស្សច្រើនចង្អៀតណែនតាន់តាប់ ដែលបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងការរីករាលដាលនៃជំងឺកូវីដ-១៩។ ទី៣- មានការចូលរួមពីអនីតិជនអាយុក្រោម១៨ឆ្នាំ ផ្ទុយពីខ្លឹមសារនៃសេចក្ដីជូនដំណឹង ដែលថា ជាការជួបជុំរបស់សមាជិកគណបក្ស។ ទី៤- រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតណែនាំឱ្យបញ្ឈប់សកម្មភាពប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤:០០យប់។ រដ្ឋបាលឃុំត្បែង បានណែនាំបន្ថែមឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្នើសុំទៅក្រសួងមហាផ្ទៃ ប្រសិនបើនៅតែបន្តចង់រៀបចំការជួបជុំសមាជិកបក្សរបស់ខ្លួន។

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសអំពាវនាវឱ្យសមាជិក-សមាជិការបស់ខ្លួននៅទូទាំងប្រទេស និងនៅតាមបណ្តាប្រទេសមួយចំនួន ដែលមានពលរដ្ឋខ្មែរបម្រើការងារជាពលករ ឱ្យវិលចូលមកប្រទេសកម្ពុជាវិញ និងត្រូវធ្វើដំណើរមកកាន់ដីចម្ការរបស់លោក នៅឯខេត្តសៀមរាប ព្រោះមានគ្រោះទឹកជំនន់លិចផែនដី ឬ Black Hold រហូតបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលករខ្មែរនៅប្រទេសកូរ៉េ នាំគ្នាសម្រុករត់ចេញពីកន្លែងការងារ ទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជាយ៉ាងតក់ក្រហល់ ព្រោះតែខ្លាចទឹកជន់លិចស្លាប់។ ទន្ទឹមនោះ ប្រជាពលរដ្ឋខ្មែរដែលបានជឿលង់ជាមួយនឹងមនោគម LDP របស់លោកខឹម វាសនា បាននាំគ្នាវេចចានឆ្នាំង មុងភួយ កន្ទេលខ្នើយ តង់ គោយន្ត ម៉ូតូ រថយន្ត និងរបស់របរប្រើប្រាស់ផ្សេងៗ ធ្វើដំណើរតាមការអំពាវនាវនោះផងដែរ។ ដោយពួកគេទាំងនោះ ខ្លះបានចូលទៅរស់នៅក្នុងដីចម្ការរបស់លោកខឹម វាសនា ឯខ្លះទៀតបានទៅសុំ និងជួលដីរបស់ប្រជាពលរដ្ឋ ចងតង់ជ្រកតាមព្រៃក្បែរជើងភ្នំ ដោយមានកូនចៅតូចៗ ខ្លះព្រាត់ប្រាស់ប្ដីប្រពន្ធ ម៉ែឪ សាច់ញ្ញាតិ ព្រោះតែការជឿលង់ខ្វះការពិចារណាឱ្យបានល្អិតល្អន់ និងមិនប្រើការគិតឱ្យដឹងខុស ឬត្រូវជាក់ច្បាស់ ពោលគឺពួកគេនាំគ្នាផ្តេកផ្តួលនឹងជំនឿអរូបិយដែលមិនសមហេតុផលពីការ[ចេញឈាន]របស់លោក ខឹម វាសនា ដែលមហាជនកំពុងដាក់ការសង្ស័យថា មានសភាពមិនប្រក្រតីពីមនុស្សធម្មតានោះ…៕






