ក្រោយពលរដ្ឋចាកចេញ តើលោក ខឹម វាសនា ដែលតាំងខ្លួនជា[ព្រហ្មរក្សាលោក] អាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ដែរ ឬទេ?
អាន ប៊ុនរ័ត្ននៈ
02 កញ្ញា 2022 10:00 AM

(រាជធានីភ្នំពេញ)៖ បន្ទាប់ពីអស់ជំនឿ និងទទួលរងនូវការលំបាកផ្សេងៗ ពីការបិទខ្ទប់របស់អាជ្ញាធរសមត្ថកិច្ចខេត្តសៀមរាប ពលរដ្ឋមួយចំនួនបាននាំគ្នាចាកចេញពីដីចម្ការម្រេចរបស់លោក ខឹម វាសនា ប្រធានគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលបានអះអាងខ្លួនឯងថាជា[ព្រហ្មរក្សាលោក]នោះ បានមួយចំនួនធំហើយ បើគិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។ មានការចោទជាសំណួរថា តើបន្ទាប់ពីប្រជាពលរដ្ឋចាកចេញទៅលំនៅដ្ឋានអស់ លោក ខឹម វាសនា អាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ដែរ ឬទេ? លោកមេធាវី សុខ សំអឿន និងលោកបណ្ឌិត មាស នី នឹងចេញមុខពន្យល់ជុំវិញករណីនេះ…។

ក្រៅតែពីពលរដ្ឋមួយចំនួនធំ ដែលជឿលង់ទៅលើអប្បិយជំនឿថា (មានទឹកជំនន់ជនលិចផែនដី) យុវជន-យុវនារី បញ្ញវន្ត និងបណ្ឌិតមួយចំនួន ក៏បានជឿស្លុងជាមួយលោក ខឹម វាសនា តាមរយៈការពន្យល់មនោគមវិជ្ជា LDP ដែលពួកគេជឿថា ជាការផ្លាស់ប្ដូរផ្តូរផ្នត់គំនិតថ្មី និងបានចាត់ទុកប្រមុខដឹកនាំចលនាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយនេះ ជាព្រះព្រហ្មរក្សាលោក ថែមទៀតផង។ យុវជន-យុវនារីខ្មែរមួយចំនួន ហាក់ជឿលង់ទៅហ្នឹងមនោគមវិជ្ជា LDP រហូតចាត់ទុកឪពុកម្តាយរបស់ខ្លួនថាគ្មានគុណ គ្មានតម្លៃ ដែលនឹងត្រូវតបស្នងសងគុណនោះឡើយ ហើយពួកគេបែរជាទៅគោរពប្រណិបត្តិប្រមុខដឹកនាំរបស់ខ្លួនជំនួសវិញ...។

ជាក់ស្តែង យុវតីម្នាក់ ដែលបានចាកចេញពីផ្ទះអស់រយៈពេល៧ខែ ធ្វើឱ្យឪពុកម្តាយព្រួយបារម្ភរហូតដើរស្វែងរកកូនឃើញនៅដីចម្ការម្រេច លោក ខឹម វាសនា បានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីបានអានសំបុត្ររបស់កូនស្រីសរសេរផ្តាំផ្ញើថា..៖ (ខ្ញុំត្រូវការសេរីភាព ខ្ញុំចង់ប្រើជីវិតខ្ញុំដោយខ្លួនឯង មិនចាំបាច់មានអ្នកណាមកចាត់ចែងជីវិតខ្ញុំជំនួសខ្ញុំទេ។ បើប៉ាម៉ាក់បានអានសំបុត្រនេះហើយ កុំតាមរកខ្ញុំអី ព្រោះថាខ្ញុំមិនមកផ្ទះវិញជាដាច់ខាត)។ នេះជាការបញ្ជាក់របស់យុវតីម្នាក់ ដែលបានសរសេរសំបុត្រទៅកាន់ម្តាយរបស់នាង។ ជាមួយគ្នានោះ មានពលរដ្ឋខ្លះ ព្រាត់ប្រាស់ប្រពន្ធប្ដី កូនព្រាត់ឪពុកម្តាយ សាច់ញ្ញាតិបងប្អូន ក៏ព្រោះតែស្តាប់សម្តីរបស់លោក ខឹម វាសនា ដែលបានពន្យល់ និងអំពាវនាវឱ្យអ្នកជឿទាំងនោះ នាំគ្នាមកចម្ការរបស់លោក ដើម្បីគេចចេញពីការជន់លិចដោយទឹកជំនន់លិចផែនដីនេះផងដែរ។

លោកបណ្ឌិត មាស នី អ្នកវិភាគព្រឹត្តិការណ៍សង្គម
លោកបណ្ឌិត មាស នី អ្នកវិភាគព្រឹត្តិការណ៍សង្គម

ករណីយុវតីខាងលើនេះ ត្រូវបានលោកបណ្ឌិត មាស នី អ្នកវិភាគព្រឹត្តិការណ៍សង្គម និងជាអ្នកតាមដានការអភិវឌ្ឍសង្គម ពន្យល់ថា សម្រាប់[ជំនឿ] គឺមិនមានការកំណត់ថា អ្នកនោះរៀនបានខ្ពស់ ឬទាបកម្រិតណានោះទេ ព្រោះសូម្បីតែបណ្ឌិតមួយចំនួន ក៏បានជឿទៅលើរឿងនោះដែរ កុំថាឡើយតែជាយុវជន-យុវនារី និងប្រជាពលរដ្ឋធម្មតា។ អ្វីដែលសំខាន់ អ្នកជឿត្រូវស្វែងយល់ និងត្រូវចេះវិភាគថា តើការជឿរបស់ខ្លួន មិនរងគ្រោះដោយការជឿមិនសមហេតុផល ដែរឬទេ? លោកបណ្ឌិត មាស នី បញ្ជាក់ថា «ប្រសិនបើជំនឿនេះ ក្លាយទៅជាឧបករណ៍មួយ ដែលបានបំផ្លាញផលប្រយោជន៍អ្នកមានជំនឿ គឺវាអាចចូលដល់ផ្លូវច្បាប់ដែរ ព្រោះវាអាចជាករណីវិទ្ធង្សសនាសេដ្ឋកិច្ចហើយ បើទាញចូលក្នុងផ្លូវច្បាប់! ព្រោះវាបានបង្កផលប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែករណីនេះ អាចនឹងពិបាកដែរ ព្រោះជាការជឿដោយស្ម័គ្រចិត្ត តែបើពេលទៅដល់នោះ(ដីចម្ការម្រេច) លោក ខឹម វាសនា ទាញយកការនិយាយទាំងអស់នោះ ហើយមានការឃាត់គេ(អ្នកមានជំនឿ)មិនឱ្យចេញ នោះអាចជារឿងដែលផ្ទុយនឹងច្បាប់។»

ទោះយ៉ាងណា លោក មាន នី យល់ថា ក្នុងនាមជាអ្នកនយោបាយជាន់ខ្ពស់មួយរូប លោក ខឹម វាសនា មិនគួរប្រើជំនឿអរូបីបែបនេះ ទៅក្នុងចរន្តនយោបាយរបស់ខ្លួនឡើយ ព្រោះវាអាចនឹងមានគ្រោះថ្នាក់ធំសម្រាប់ប្រទេសជាតិ ឬអាចហៅម្យ៉ាងទៀតថា ជាការ[ជ្រុលនិយម]។ បន្ថែមលើនេះ លោកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើយុទ្ធវិធីរុញទូកបណ្តោយទឹក ដើម្បីទប់ស្កាត់ការប៉ះទង្គិចរវាងអាជ្ញាធរ និងសកម្មជន ដែលកំពុងជឿងលង់ជាមួយនឹងលោក ខឹម វាសនា ហើយនាំហេតុការណ៍នោះ ឆ្ពោះទៅរកអំពើហិង្សា ដែលអាចនឹងនាំទៅរកស្ថានភាពអាក្រក់ក្នុងចរន្តនយោបាយ។

ចំណែកលោកមេធាវី សុខ សំអឿន បានពន្យល់ពីផ្លូវច្បាប់មួយចំនួន ចំពោះទង្វើរបស់លោក ខឹម វាសនា ដែលបានកៀគរពលរដ្ឋឱ្យជឿលង់លើការឃោសនាអកុសលទៅតាមជំនឿអរូបីមិនសមហេតុផលថា អាចនឹងប្រឈមផ្លូវច្បាប់ដែរ ប្រសិនបើអ្នកជំនឿទាំងនោះដាក់ពាក្យប្តឹងពីផលប៉ះពាល់ដែលពួកគេទទួលរងគ្រោះ ពីការជឿលង់នោះ ហើយតុលាការនឹងមាននីតិវិធីចាត់ចែងលើករណីនោះមិនខាន។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវមានប្រតិកម្មចំពោះសកម្មភាពនេះ ក្រៅតែពីការផ្សព្វផ្សាយអំពាវនាវឱ្យប្រជាពលរដ្ឋកុំឱ្យជឿលង់តែមួយមុខ។ លោកមេធាវីបញ្ជាក់ថា « ខ្ញុំគិតថា រាជរដ្ឋាភិបាលគួរប្រតិកម្មតបតចំពោះសកម្មភាពនេះ ប៉ុន្តែដូចជាអត់មានដែរ ដូច្នេះ អាចជាកំហុសរដ្ឋាភិបាលរបស់មួយដែរ អារឿង[..]ហ្នឹង!»

ប៉ុន្តែយ៉ាងណា លោកមេធាវី សុខ សំអឿន បញ្ជាក់ថា ការណ៍ដែលលោក ខឹម វាសនា ធ្វើនេះក៏អាចនឹងធ្វើឱ្យពលរដ្ឋអស់ជំនឿវិញផងដែរ ក្រោយពីថ្ងៃទី៣០សីហា កន្លងទៅ មិនមានព្រឹត្តិការណ៍ ទឹកជំនន់លិចពិភពលោក ដូចទៅហ្នឹងអ្វីដែលគាត់បាននិយាយ។ ដូច្នេះ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលរុញទូកបណ្តោយទឹក ដោយមិនចាត់វិធានការអ្វីមួយ អាចចាត់ទុកថាមានប្រសិទ្ធភាព។ បន្ថែមលើនេះ លោកមេធាវី សុខ សំអឿន យល់ឃើញថា លោក ខឹម វាសនា អាចនឹងមានជំងឺវិបល្លាសស្មារតីហើយ..។ «ខ្ញុំ..គិតថាគាត់ប្រហែលមានស្មារតីវិបល្លាសហើយ ដូច្នេះ ជួង(គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ)ប្រហែលជាត្រូវដកសិទ្ធិគាត់(ខឹម វាសនា)ពីប្រធានបក្ស ហើយគួរតែមាន! ព្រោះបើបណ្តោយឱ្យគាត់ធ្វើចឹងទៀត វាហ្នឹងដូចព្រឹត្តិការណ៍ កាលពីប៉ុន្មានថ្ងៃមុនអ៊ីចឹង..!» នេះជាការបញ្ជាក់របស់លោកមេធាវី សុខ សំអឿន។

សូមបញ្ជាក់ថា លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានប្រកាសអំពាវនាវឱ្យសមាជិក-សមាជិការបស់ខ្លួននៅទូទាំងប្រទេស និងនៅតាមបណ្តាប្រទេសមួយចំនួន ដែលមានពលរដ្ឋខ្មែរបម្រើការងារជាពលករ ឱ្យវិលចូលមកប្រទេសវិញ និងត្រូវធ្វើដំណើរមកកាន់ដីចម្ការរបស់លោកនៅឯខេត្តសៀមរាប ព្រោះមានគ្រោះទឹកជំនន់លិចផែនដី ឬ Black Hold រហូតបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលករខ្មែរនៅប្រទេសកូរ៉េ នាំគ្នាសម្រុករត់ចេញពីការងារទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជាយ៉ាតក់ក្រហល់ ព្រោះតែខ្លាចទឹកជន់លិចស្លាប់..៕

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត