គ្រឿងញៀនជិត៦០គីឡូក្រាមដែលរឹបអូសបានក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ត្រូវបានដុតកម្ទេចចោល
SoKeng
4 ឆ្នាំមុន

ខេត្តព្រះសីហនុ៖ គ្រឿងញៀនជិត៦០គីឡូក្រាមដែលរឹបអូសបានក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ត្រូវបានអគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ដុតកម្ទេចចោលនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ១​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

ក្នុងពិធីដុតបំផ្លាញចោលនូវសារធាតុញៀនជិត៦០គីឡូក្រាមនេះ គឺប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម​ នាយឧត្ដមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ គួច​ ចំរើន អភិបាល​ និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ រួមទាំងលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ​ កំពត​ និងខេត្តកំពង់ស្ពឺ​ និងប្រតិភូ​ ស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ​ និងមន្រ្តី​រាជការ​ កងកម្លាំងគ្រប់ប្រភេទ​ប្រជាពលរដ្ឋសិស្ស​ និស្សិត​ យុវជនស.ស.យ.ក​ កាកបាទ​ក្រហម​ និងកាយរិទ្ធ​សរុប៥៦០នាក់។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានលើកឡើងថា ​ គ្រឿងញៀន​នៅតែជាបញ្ហាដែលតម្រូវឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្រូវបន្តអនុវត្តនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀនផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​
ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ដល់គ្រប់មន្ទីរ​ អង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ​ សម្របសម្រួល ដឹកនាំអនុវត្ត​ឱ្យ​កាន់​តែ​មាន​​ប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វផ្សាយអប់រំ​បង្ការ ទប់ស្កាត់តាមគ្រប់មធ្យោបាយ​ បង្រ្កាប និង​ដោះស្រាយនូវរាល់បញ្ហាដែលមានការ​​ពាក់ព័ន្ធនឹង​គ្រឿងញៀន និងគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ​នៅ​​តាម​​ក្រុមហ៊ុន​ រោងចក្រ សហគ្រាស ​ឲ្យបានហ្មត់ចត់ និង មានប្រសិទ្ធភាព​ខ្ពស់ ដើម្បីទប់ស្កាត់​បាន​រាល់​ការ​​លួច​បង្វែរពី​ជំនួញស្របច្បាប់ យកទៅ​កែច្នៃ​ផលិត​គ្រឿង​ញៀន​​ខុសច្បាប់នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្តម​ គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ​<br>
ឯកឧត្តម​ គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ​

ឯកឧត្តម​ គួច​ ចំរើន​ បានចាត់ទុកអ្នកប្រើ​គ្រឿងញៀន​គឺជាជនរងគ្រោះដែលត្រូវ​ទទួលបានការយកចិត្តទុកដាក់​ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួល​នូវការចោទប្រកាន់តាមផ្លូវច្បាប់ ស្របតាមប្រធានបទប្រចាំឆ្នាំ​របស់​អង្គការយូ អ៊ិន អូ ឌី ស៊ី (UNODC) ដោយឈរលើគោលការណ៍ សុខភាព និង មនុស្សធម៌​ ជា​មូលដ្ឋាន បើទោះបី​ស្ថិត​ក្នុង​កាលៈ​ទេសៈ​លំបាក និងប្រឈមយ៉ាងណាក្តី។

ឯកឧត្តម​ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុបញ្ជាក់ថា គ្រឿងញៀនជិត៦០គីឡូក្រាមដែលប្រមូលបានពីការបង្រ្កាបក្នុងខេត្តចំនួន៤ គឺ មានជាង២០គីឡូក្រាម បង្រ្កាបបាននៅក្នុងខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ ជាង៣១ គីឡូក្រាម និងខេត្តកំពតជាង០៥គីឡូក្រាម។ ​

ឯកឧត្តម​ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ
ឯកឧត្តម​ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ

សូមរំលឹកថា នាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងមក អាជ្ញាធរបានដុតបំផ្លាញចោល និងបន្សាបសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី សរុបជិត៩១តោន​ដែលអាជ្ញាធរបង្រ្កាបបាននៅទូទាំងប្រទេស នៅទីតាំងកោះពេជ្រ រាជធានីភ្នំពេញ៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត