បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ករណីបៀតបៀនកេរ្តិ៍ខ្មាស និងប្រើប្រាស់សារធាតុញៀន
K
Kimhuoy Klaing
19 កក្កដា 2022 03:45 PM

(រាចធានីភ្នំពេញ)៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនបុរសម្នាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួនពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាស មានស្ថានទម្ងន់ទោស ដោយសារមធ្យោបាយប្រើប្រាស់ ឬទាក់ទងនឹងចារី និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ជាក់ស្ដែងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ហាក់ លី នាយរងការិយាល័យ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៧២ «ន» ដ.ច.ន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ឃ្លាំងលក់រថយន្ត ផ្លូវលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

នគរបាលបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ភ័ក្រ្ត មេត្តា ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នករត់កង់បី មានទីលំបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលលេខ៣A ផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យ បានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះជួលរបស់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលជំនាញនៃការិយាល័យនាំខ្លួនមកសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត