កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀន
K
Kimhuoy Klaing
19 កក្កដា 2022 10:00 AM

(បន្ទាយមានជ័យ​)​៖ កម្លាំងអាវុធហត្ថ​ក្រុងសិរីសោភ័ណបញ្ជូនជនសង្ស័យ​ម្នាក់ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀន​។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​
លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានឱ្យដឹងថា​ នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មានករណីធ្វើឱ្យខូចខាតដោយចេតនា ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៨នាក់ បានធ្វើសកម្មភាពជិះម៉ូតូ ដោយមានកាន់កាំបិតផ្គាក់ ជិះដេញតាមជនរងគ្រោះ២នាក់។

ជនរងគ្រោះទី១ ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ និងទី២ឈ្មោះ ឡាយ វីរៈ ភេទប្រុស អាយុ ១៤ឆ្នាំ។​ ពេលជនសង្ស័យជិះដេញដល់ចំណុចក្បែរ ភោជនីយដ្ឋានផ្កាយព្រឹក ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការភ័យខ្លាចជនរងគ្រោះក៏បានផ្ដួលម៉ូតូចោល ហើយរត់ចូលពួនក្នុងផ្ទះប្រជាពលរដ្ឋ ខណៈនោះក្រុមរបស់ជនសង្ស័យក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតយ៉ាងខ្លាំង។ ម៉ូតូជនរងគ្រោះម៉ាកហុងដាស្កុបពី (Scoopy) ពណ៍ខៀវ ឆ្នាំ២០១៧ គ្មានស្លាកលេខ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានបន្តថា​ ក្រោយពីទទួលបណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចន រាជ (ហៅ រក្សា) ភេទប្រុស អាយុ១៧ឆ្នាំ នាំខ្លួនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ 

ជនសង្ស័យ
ជនសង្ស័យ

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ អនុវត្តតាមនីតិវិធីហើយ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ​២០២២នេះ៕ 

អត្ថបទដោយ៖ លោក ឈុន មករា សម្រួលដោយ៖ កញ្ញា ឃ្លាំង គីមហួយ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត