
(ខេត្តបាត់ដំបង)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងដកហូតទឹកដោះគោជូរចម្រុះចំនួន១៩០កេះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។

ក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញារងខេត្ត សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងរាំង រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តតាមដីកាអនុញ្ញាតឱ្យធ្វើការឆែកឆេរ ពិនិត្យ និងរុករកវត្ថុតាងលើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៊ិចប្រេស ដែលមានទីតាំងនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ស្ដីពីការស្រាវជ្រាវបង្ក្រាបករណីរំលោភកម្មសិទ្ធិបញ្ញា។

ក្នុងការពិនិត្យឆែកឆេរនៅនេះដែរ សមត្ថកិច្ចបានដកហូតទឹកដោះគោស្រស់ និងទឹកដោះគោជូរចម្រុះបានចំនួន១៩០កេះ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-8861 និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ អឿន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលជា(ម្ចាស់ទីតាំង)ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយពីប្រមូលយកវត្ថុតាង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាននាំខ្លួនជនសង្ស័យយកទៅសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយមន្ត្រីក្រឡាបញ្ជី លោក គឹម ប៊ុនធឿន បានចុះអនុវត្តឆែកឆេរទៅលើទីតាំងស្តុកទំនិញចំនួន២កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្នុងនោះក៏បានរឹបអូសយកវត្ថុតាងខុសច្បាប់ជាច្រើន (ស្រា និងបារី) ដែលត្រៀមសម្រាប់នាំចេញទៅកាន់ប្រទេសថៃ ចំណែកឯម្ចាស់ទីតាំងដឹងខ្លួនមុនក៏បានគេចខ្លួនបាត់ស្រមោលតែម្ដង៕








