
គ្រាប់ល្ពៅមានទំហំតូចពិតមែន ប៉ុន្តែពួកវាពោរពេញទៅដោយសារធាតុចិញ្ចឹមដ៏មានតម្លៃសម្រាប់សុខភាពមនុស្សយើង។ ការទទួលទានគ្រាប់ល្ពៅតែចំនួនតិចតួចប៉ុណ្ណោះអាចផ្តល់ឱ្យអ្នកនូវបរិមាណដ៏ច្រើននៃជាតិខ្លាញ់ល្អ ម៉ាញ៉េស្យូម និងស័ង្កសី ធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង កម្រិតជាតិស្ករក្នុងឈាម សុខភាពក្រពេញប្រូស្តាត និងគុណភាពនៃការគេងថែមទៀតផង។ វាថែមទាំងអាចការពារប្រឆាំងនឹងប្រភេទមហារីកមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ សារធាតុចិញ្ចឹមដ៏សម្បូរបែបរបស់ពួកវាអាចផ្តល់នូវអត្ថប្រយោជន៍សុខភាពផ្សេងទៀត ដូចជាការធ្វើឱ្យប្រសើរឡើងនូវថាមពល អារម្មណ៍ និងមុខងារប្រព័ន្ធភាពស៊ាំ។ អត្ថបទនេះនឹងបរិយាយលម្អិតអំពីអត្ថប្រយោជន៍សុខភាពកំពូលទាំង១០ នៃគ្រាប់ល្ពៅ៖

១. ពោរពេញទៅដោយសារធាតុចិញ្ចឹមដ៏មានតម្លៃ
គ្រាប់ល្ពៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិដែក ស័ង្កសី ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមជាច្រើនទៀត។ គ្រាប់ល្ពៅមួយអោន (28 ក្រាម) មានប្រហែល 151 កាឡូរី។ គ្រាប់ល្ពៅមួយអោន ផ្តល់ជាតិសរសៃ៖ ១,៧ ក្រាម, កាបូអ៊ីដ្រាត៖ ៥ ក្រាម, ប្រូតេអ៊ីន៖ ៧ ក្រាម, ខ្លាញ់៖ ១៣ ក្រាម, វីតាមីន K: 18% នៃ RDI (ការទទួលទានរបបអាហារដែលបានណែនាំ), ផូស្វ័រ: 33% នៃ RDI, ម៉ង់ហ្គាណែស៖ ៤២% នៃ RDI, ម៉ាញ៉េស្យូម: 37% នៃ RDI, ជាតិដែក៖ ២៣% នៃ RDI, ស័ង្កសី: 14% នៃ RDI, ស្ពាន់: 19% នៃ RDI។
២. សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់
គ្រាប់ល្ពៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (carotenoids និងវីតាមីន E) ដែលអាចជួយការពារប្រឆាំងនឹងជំងឺ និងកាត់បន្ថយការរលាក។ សារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារកោសិកា ពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់។ នេះហើយជាមូលហេតុដែលការទទួលទានអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារប្រឆាំងនឹងជំងឺជាច្រើន។
៣. ម៉ាញ៉េស្យូមខ្ពស់
គ្រាប់ល្ពៅគឺជាប្រភពធម្មជាតិដ៏ល្អបំផុតមួយនៃម៉ាញេស្យូម។ ម៉ាញ៉េស្យូមត្រូវការសម្រាប់ប្រតិកម្មគីមីច្រើនជាង ៦០០មុខនៅក្នុងខ្លួនរបស់អ្នក។ ម៉ាញេស្យូមមានសារសំខាន់សម្រាប់ គ្រប់គ្រងសម្ពាធឈាម, គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម, កាត់បន្ថយហានិភ័យជំងឺបេះដូង, និងថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន
ភស្តុតាងខ្លះបង្ហាញថាគ្រាប់ល្ពៅអាចជួយការពារប្រភេទមហារីកមួយចំនួន ដូចជាជំងឺមហារីកក្រពះ សុដន់ សួត ក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ។
៥. ធ្វើឱ្យប្រសើរឡើងនូវសុខភាពក្រពេញប្រូស្តាត និងប្លោកនោម
គ្រាប់ល្ពៅអាចកាត់បន្ថយរោគសញ្ញានៃការរីកក្រពេញប្រូស្តាតស្លូតបូត និងប្លោកនោម (ស្ថានភាពដែលក្រពេញប្រូស្តាតរីកធំ ដែលបង្កឱ្យមានបញ្ហាក្នុងការនោម)។

៦. អាចធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង
សារធាតុចិញ្ចឹមនៅក្នុងគ្រាប់ល្ពៅ (គ្រាប់ល្ពៅគឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ម៉ាញ៉េស្យូម ស័ង្កសី និងអាស៊ីតខ្លាញ់) អាចជួយរក្សាបេះដូងរបស់អ្នកឱ្យមានសុខភាពល្អ កាត់បន្ថយសម្ពាធឈាម និងបង្កើនកូលេស្តេរ៉ុលល្អ (សម្ពាធឈាមខ្ពស់ និងកម្រិតកូឡេស្តេរ៉ុលខ្ពស់ ដែលជាកត្តាហានិភ័យសំខាន់ពីរសម្រាប់ជំងឺបេះដូង)។ គ្រាប់ល្ពៅបង្កើត nitric oxide ដែលមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពបេះដូង។ Nitric oxide ជួយពង្រីកសរសៃឈាម ធ្វើឱ្យប្រសើរឡើងនូវលំហូរឈាម និងកាត់បន្ថយហានិភ័យនៃការលូតលាស់បន្ទះនៅក្នុងសរសៃឈាមរបស់អ្នក។
៧. បន្ថយកម្រិតជាតិស្ករក្នុងឈាម
មាតិកាម៉ាញ៉េស្យូមខ្ពស់នៃគ្រាប់ល្ពៅជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ការសិក្សាលើមនុស្សជាង ១២៧,០០០ នាក់បានរកឃើញថារបបអាហារដែលសម្បូរទៅដោយម៉ាញេស្យូមនាំឱ្យថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ចំពោះបុរស ៣៣% និងហានិភ័យទាបចំពោះស្ត្រី ៣៤%។
៨. មានជាតិសរសៃខ្ពស់
គ្រាប់ល្ពៅទាំងមូលគឺជាប្រភពដ៏ល្អនៃជាតិសរសៃ។ របបអាហារដែលមានជាតិសរសៃខ្ពស់ផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើន រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺធាត់ និងជំងឺបេះដូង។
៩. កែលម្អគុណភាពមេជីវិតឈ្មោល
មាតិកាស័ង្កសីខ្ពស់នៃគ្រាប់ល្ពៅអាចជួយបង្កើនគុណភាពមេជីវិតឈ្មោល និងការមានកូនចំពោះបុរស។
១០. ជួយសម្រួលដំណេក
គ្រាប់ល្ពៅគឺជាប្រភពដ៏ល្អនៃសារធាតុ tryptophan ស័ង្កសី និងម៉ាញ៉េស្យូម ដែលទាំងអស់នេះជួយឱ្យគេងលក់ស្រួល៕
source: healthline



