
កោះកុង ៖ ទឹកធ្លាក់ឆាយ១០០ ឬទឹកធ្លាក់ឆាយខ្ពស់ ដែលមានកម្ពស់ប្រហែល១០០ម៉ែត្រ ជាទីចាប់អារម្មណ៍ថ្មី សម្រាប់អ្នកធ្វើដំណើរបែបផ្សងព្រេង ដោយថ្មើរជើងកម្សាន្ត នៅតាមទេសចរណ៍ធម្មជាតិ។ នេះបើយោងតាមទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាននាថ្ងៃទី២១ មេសា នេះ។

ទឹកធ្លាក់ឆាយ១០០ ឬ ឆាយខ្ពស់ ជាតំបន់ទឹកធ្លាក់ដែលស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល ភូមិសាស្ត្រជាប់ព្រំប្រទល់ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។ បើតាមអ្នកភូមិតាំងបំពង់ ការធ្វើដំណើរ តាមផ្លូវ យើងតែងប្រទះឃើញប្រភេទសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទទៀត ដែលនាំឱ្យការធ្វើដំណើរកម្សាន្តរបស់យើង មានអារម្មណ៍រីករាយ និងគយគន់ទស្សនីយភាពតាមឧទ្យានជាតិ ដូចផ្ទាំងគំនូរជាធម្មជាតិ។

ការធ្វើដំណើរទៅកាន់ឆាយ១០០ ឬឆាយខ្ពស់ ត្រូវចេញដំណើរពីភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ៤៥គីឡូពីភូមិចំណារ ចំណាយពេល៣យប់៤ថ្ងៃទាំងទៅទាំងមក។ ដោយយើងត្រូវដើរស្របតាមស្ទឹងអារ៉ែងរហូត យើងនឹងទៅដល់ឆាយ១០០ ឬឆាយខ្ពស់ ស្ថានភាពផ្លូវត្រូវដើរកាត់តាមថ្មតូចធំដែលនៅមាត់ស្ទឹង និងត្រូវដើរឆ្លងទឹកជាច្រើនកន្លែង ថ្មមានស្លែរដុះច្រើន រអិលខ្លាំង ងាយធ្វើឱ្យយើងគ្រេចជើង។
ការធ្វើដំណើរតាមផ្លូវ អ្នកនឹងបានឃើញសត្វព្រៃជាច្រើនប្រភេទ រួមមាន អន្សង ភេ ឆ្កែព្រៃ ពស់ខ្មៅ ប្រើស ឈ្លូស ជ្រូកព្រៃ ខ្លាឃ្មុំធំ និងជីវចម្រុះជាច្រើនប្រភេទទៀត ៕




