កម្ពុជានឹងមានកំពង់ផែទេសចរណ៍ល្អឯកមួយនៅកំពត ខណៈអាជ្ញាធររំពឹងកំណើនអ្នកទេសចរបរទេសកើនឡើង
អាន ប៊ុនរ័ត្ននៈ
31 មីនា 2022 01:00 PM

(ខេត្តកំពត)៖ កំពតគឺជាខេត្តជាប់មាត់សមុទ្រមួយ ដែលមានសក្តានុពលលើវិស័យទេសចរណ៍ដ៏ធំមួយក្នុងចំណោមខេត្តល្បីៗរបស់ប្រទេសកម្ពុជា។ មិនត្រឹមតែមានសម្រស់ឆ្នេរសមុទ្រធម្មជាតិស្អាតនោះទេ ខេត្តមួយនេះ ក៏សម្បូរណ៍ទៅដោយកន្លែងកម្សាន្តល្បីល្បាញជាច្រើនផងដែរ ដូចជា រមណីដ្ឋានភ្នំបូកគោពពកវិល រមណីដ្ឋានទឹកឈូ ជាដើមល។ល។ ពេលនេះ អ្វីកាន់តែប្រសើរឡើងថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កសាងកំពង់ផែទេសចរណ៍មួយ មានតម្លៃប្រមាណជិត១០លានដុល្លារសហរដ្ឋអាម៉េរិក ដែលអាចទទួលភ្ញៀវទេសចរបានជិត៥០០នាក់ក្នុងមួយថ្ងៃ…។

កំពង់ផែទេសចរណ៍ខេត្តកំពតមួយនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ និងកំពុងដំណើរការសាងសង់លើផ្ទៃដីទំហំជាង៤ហិកតា និងមានជម្រៅ៤,៥ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណជិត១០លានដុល្លារអាម៉េរិក ខណៈការសាងសង់សម្រេចបាន៩៣,៤១ភាគរយហើយ ដែលអាចទទួលភ្ញៀវទេសចរពី៣០០ ទៅជិត៥០០នាក់ឯណោះក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល ដែលបានផ្តល់បទសម្ភាសដល់ SBM News តាមទូរសព្ទនៅល្ងាចថ្ងៃព្រហស្បតិ៍ទី៣១ ខែមីនា ឆ្នាំ២០២២នេះ។ កំពង់ផែទេសចរណ៍ថ្មីនេះ ក៏នឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសអ្នកទេសចរចូលមកពីប្រទេសថៃ និងវៀតណាម ដែលមានបំណងចង់មកលេងកម្សាន្តនៅតាមតំបន់ព្រែក និងឆ្នេរនានារបស់ខេត្ត។ លោកសយ ស៊ីណុល

 លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត
 លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត

លោកសយ ស៊ីណុល បញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ថែមលើនេះ កំពង់ផែថ្មីសន្លាងរបស់ខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងអ្នកទេសចរអាចធ្វើដំណើរទៅលេងកម្សាន្តតាមតំបន់មួយចំនួននៅប្រទេសថៃ និងវៀតណាមផងដែរ។ លោកបន្តថា តាមរយៈកំពង់ផែមួយនេះ ក៏នឹងជួយជំរុញបន្ថែមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក និងផ្នែកពាក់ព័ន្ធនានារបស់ខេត្ត ដូចជារមណីដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាមួយចំនួនទៀត ហើយអ្វីដែលពិសេសបំផុតនោះ គឺបានជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាននេះផ្ទាល់តែម្ដង។

លោកប្រធានមន្ទីរ បញ្ជាក់បន្ថែមថា ក្រោយកំពង់ផែទេសចរណ៍សាងសង់រួចជាស្ថាពរ មន្ទីរទេសចរណ៍ខេត្ត និងអនុវត្តផែនការមេនៃគោលនយោបាយអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាននៅខេត្តកំពតនេះ កាន់តែច្រើនឡើងបន្ថែមទៀត..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត